កម្ពុជាចងក្រងមរតកវប្បធម៌អរូបីដាក់ចូលទៅក្នុងសៀវភៅបញ្ជីសារពើភណ្ឌ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចងក្រងនូវមរតកវប្បធម៌អរូបីដាក់ចូលទៅក្នុងសៀវភៅ​បញ្ជី​​សារពើ​ភណ្ឌខណៈវប្បធម៌អរូបីមួយចំនួនប្រឈមការបាត់បង់ដោយសារការមិន​​យកចិត្ត​ទុក​​ដាក់​។
ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មរតក​វប្បធម៌អរូបីកម្ពុជាជាច្រើនទម្រង់ត្រូវបានកំណត់នៅក្នុងសៀវ​ភៅ​​ស្តីពីបញ្ជីសារពើភណ្ឌនៃ​​មរត​ក​​​វប្បធម៌​អរូបីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង អភិរក្ស និងលើកស្ទួយមរតក​វប្បធម៌ជាតិ​​​មិន​ឱ្យ​បាត់បង់​។
យោងតាមសៀវភៅស្តីពីបញ្ជីសារពើភណ្ឌនៃ​​មរតក​វប្បធម៌​អរូបីកម្ពុជា បានបង្ហាញថា បេតិក​ភណ្ឌ​វប្បធម៌អរូបីសំដៅលើទម្រង់នៃសិល្បៈល្ខោន របាំក្បាច់បូរាណ របាំព្រះរាជទ្រព្យ ល្ខោន​ស្បែក​​​ធំ ចម្រៀង តម្បាញសូត្រ ក្រមា ចម្លាក់ គំនូរ ក្បាច់គុនខ្មែរ ទម្រង់ចាប៉ី ទម្រង់សិល្បៈ​ខ្មែរ​ដើម និង​ផលិត​ផល​សិប្បកម្មប្រពៃណីរបស់ជាតិ ជាដើម។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការផ្សព្វផ្សាយរបាយការណ៍សកលឆ្នាំ២០១៨ នៃការអនុវត្ត​អនុ​សញ្ញា​​ស្តីពីការការពារ និងលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌» នៅព្រឹកថ្ងៃទី២៨ ខែមិថុនា​នេះ ឯកឧត្តម បានបញ្ជាក់ថា មរតក​វប្បធម៌អរូបី ដែលត្រូវសម្រេចដាក់ក្នុងសៀវ​ភៅ​​ស្តីពីបញ្ជី​សារ​​​ពើ​ភណ្ឌនេះ គឺទាល់តែមានចំណុចខ្លាំង ចំណុចល្អ ជឿនលឿន និងមាន​សារៈប្រយោជន៍​​ដល់​​​ការ​​អភិវឌ្ឍ​ជាតិ ពិសេសបានបង្ហាញអំពីទម្រង់សំខាន់ៗមានជាអាទិ៍ ប្រពៃណីតាម​​ការចង​ចាំ សិល្ប​ទស្សនីយ​ភាព កិច្ចប្រតិបត្តិការសង្គម ជំនឿសាសនា ពិធីបុណ្យ ចំណេះដឹងទាក់ទង នឹង​ធម្មជាតិ និងសិប្បកម្ម​ប្រពៃណី ជាដើម។
យ៉ាងណាក៏ដោយ ឯកឧត្តម បានបញ្ជាក់ថា វប្បធម៌អរូបីជំនឿដូចជាពិធីស្រោចទឹក​លើក​​​រាសី និង​​ជំនឿទៅលើអារក្សអ្នកតា ជាដើមនេះ គឺរាជរដ្ឋាភិបាលមិនមានគោលការណ៍សម្រាប់​បំផុស​​ឡើង​​វិញ​នោះទេ ដោយ​​ទុកឱ្យសាបសូន្យទៅតាមសម័យកាលដោយខ្លួនឯងទៅចុះ។
ចំណែកលោកស្រី អាន់ណេ ឡេម៉ៃស្ត្រេ(Anne Lemaistre)ប្រធានការិយាល័យអង្គការ​យូ​ណេ​​​​ស្កូប្រចាំ នៅកម្ពុជា មានប្រសាសន៍ថា ការបញ្ចូលវប្បធម៌អរូបី ដើម្បីរក្សាជាមរតក និងអភិវឌ្ឍន៍ គឺជាផ្នែកមួយ នៃការចូលរួមការពារ និងលើកស្ទួយនូវភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ ដែលមាន​ចែង​ ក្នុង​អនុសញ្ញារបស់អង្គការបេតិកភណ្ឌពិភពលោក ។លោកស្រីបន្តថា កម្ពុជាបាន​សម្រេច​​​​​គម្រោង​សកម្ម​ភាព​ជាច្រើន ដែលផ្តោតលើការអភិរក្សបេតិកភណ្ឌអរូបីដូចជាការការពារ និងការ​ធ្វើ​ឱ្យរស់ឡើងវិញ​។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមជំនួយពីអង្គការយូណេស្កូ និងភ្នាក់ងារអភិវឌ្ឍន៍​អន្តរជាតិ​​របស់​​ប្រទេស​ស៊ុយអែត បានបោះពុម្ពរបាយការណ៍សកល​ឆ្នាំ​២០១៨ ជាភាសាខ្មែរ ក្នុងគោលបំណង​​ពង្រឹង​ការ​អនុវត្តអនុសញ្ញាស្តីពីការការពារ និងការលើកស្ទួយ​ភាពផ្សេងៗគ្នានៃវិញ្ញត្តិ​វប្បធម៌​នៅ​កម្ពុជា និង​​​ផ្សព្វផ្សាយ​​សៀវ​ភៅ​​ស្តីពីបញ្ជីសារពើភណ្ឌនៃ​​​មរតក​វប្បធម៌​​អរូបីកម្ពុជា និងដំណើរ​ការ​ចង​​ក្រងឯកសារ​​មរតក​​វប្បធម៌​អរូបី ដើម្បីរៀបចំ​របាយការណ៍​​ពេញ​លេញមួយនៅ​ឆ្នាំ២០២០ខាង​មុខនេះ៕