ជប៉ុនបញ្ចប់ផែនការមេសម្រាប់គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី៖

   ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ អង្គការJICA បាន​បញ្ចប់​ផែនការមេសម្រាប់គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាដើម្បីឆ្លើយតបនឹងកំ​ណើន​​​ដឹកជញ្ជូន។
លោក សានូអ៊ិ កាហ្ស៊ូម៉ាសា(SANUI Kazumasa) មន្ត្រីជំនាញការរបស់អង្គការJICA បាន​បញ្ជាក់ថា ការសិក្សាលើគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាមានផ្លូវជាតិលេខ៤ ផ្លូវ​​​ជាតិលេខ៥ ផ្លូវជាតិលេខ១ ជាដើមនេះ ដែលជាភ្ជាប់ទៅកាន់កំពង់ផែ និងច្រករបៀង​សេដ្ឋកិច្ចដ៏សំខាន់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលើសកម្មភាពរបស់អង្គការ
JICAស្តីពី​ភស្តុភារ​កម្ម​នៅ​កម្ពុ​ជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ លោកបានបញ្ជាក់ថា សេចក្តីព្រាងផែនការមេ​ស្តីពី​ភស្តុ​ភារកម្មនៅកម្ពុជា ប្រកបដោយភាពវៃឆ្លាតចំនួន២៥ នឹងអាចឆ្លើយតបបានទៅនឹង​គោល​បំ​ណងដឹកជញ្ជូនពហុមធ្យោបាយដែលអាចជឿទុកចិត្តបានក្នុងនោះអាចឆ្លើយ​តបគ្រប់​គ្រាន់​​​​ទៅនឹងកំណើនបរិមាណនៃការដឹកជញ្ជូនទំនិញ សេវាភស្តុភារកម្មប្រកប​ដោយថ្លៃ​ដើម​ទាប​​ រហ័ស និងទាន់ពេលវេលា។
ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានពន្យល់ថា នេះជា ការវិវត្តន៍ការងារជាមួយអង្គការJICA និងធនាគារពិភពលោក លើការងារទូ​ទៅរបស់​ផែន​ការ​មេភស្តុភារកម្ម ដែលត្រូវបានកំណត់លើការ​អភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចនិង​ច្រក​ទ្វារ​អន្តរ​​ជាតិ ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ការដឹកជញ្ជូនពហុមធ្យោបាយ ការ​កែលម្អការគ្រប់គ្រង ច្រកឆ្លងកាត់ព្រំដែននិងនីតិវិធីពាណិជ្ជកម្ម ការលើកកម្ពស់សេវា​ភស្តុ​ភារកម្មឯកជន ដែលមានសរុប ជាង៧០គម្រោង បូករួមទាំងគម្រោងសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម និងប្រព័ន្ធបណ្តាញ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ ក្នុងគោលបំណងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងធានា​បាន​នូវ​ការតភ្ជាប់ ដែលអាចជឿទុកចិត្តបានរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភព​លោក សម្រាប់ប្រយោជនួនាំកម្ពុជាឱ្យក្លាយពីប្រទេសមានប្រាក់ចំណូលទាប ទៅប្រទេស​ដែលមានប្រាក់ចំណូលមធ្យមឆ្នាំ២០៣០  និងខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕