ឯកឧត្តមថោង ខុន៖ ព្រឹត្តិការណ៍​ត្បាញក្រមាវែងជាង​​គេនៅ​​លើពិ​​​ភព​រួមចំណែកលើកកម្ពស់​​វិស័យទេសចរណ៍កម្ពុជា

វិទ្យុជាតិកម្ពុជា ដោយចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចាត់ទុកថាព្រឹត្តិការណ៍​ត្បាញក្រមាវែងជាង​​គេនៅ​​លើពិ​​​ភព​​លោក​​​នឹងរួមចំណែកលើកកម្ពស់​​វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែរីកចំរើន។

ក្នុងឱកាសអញ្ជើញចូលរួមត្បាញក្រមានៃកម្មវិធី «បំបែកឯតទគ្គកម្ម ក្រមាវែង​​ជាង​​គេ​​នៅ​​លើ​​ពិភពលោក នារសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅវាលព្រះមេរុ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍មាន​ប្រសាស​ន៍​ថា ភ្ញៀវទេសចរបរទេស​​នឹងស្គាល់​​កម្ពុជា​​កាន់តែច្រើន ដោយសារតែកម្ពុជាអាចបំបែក​​ឯត​​ទគ្គកម្ម​លើពិភពលោក​ជាច្រើ​​ន រួចមកហើយ ជាក់ស្តែង ជាពិសេស កម្មវិធី ​​«បំបែក​​ឯត​​ទគ្គកម្ម ក្រមា១ពាន់​​ម៉ែត្រ​​វែងជាងគេ​​នៅលើ​​ពិភពលោក​នេះនឹងផ្តល់តម្លៃ​​ថ្មីដល់វិស័យកម្ពុជា ។

យុទ្ធនាការ​ក្រមា “​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង ជាងគេ​លើ​ពិភពលោក​“ ១០០០ ម៉ែត្រ បង្កើតឡើងមាន​គោលបំណង​ធំៗ​៣ រួមមាន ១-​លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុ​ភាព​នៅ​លើ​ឆាក​អន្តរជាតិ​។ ២-​បង្កើត​ការរួមចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ​ និងទី៣-​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​។​ យុទ្ធនាការ​ក្រមា ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ១០០០​ម៉ែត្រ ផ្តើម​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​សួនច្បារ​វាល​ព្រះមេរុ​ រហូតមកដល់ថ្ងៃទី២៨នេះ មានថ្នាក់ដឹកនាំ និងប្រជា​​កម្ពុជា​​បានចូលរួម​​តម្បាញយ៉ាងច្រើន​​កុះករ។

សូមបញ្ជាក់ថា ក្រមាប្រវែង១០០០ម៉ែត្រនិងត្រូវលាតត្រដាងនៅថ្ងៃទី១ខែកក្ក​​ដា​ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​​កោះ​ពេជ្យដោយមានការដង្ហែក្បួនក្រមា កាលាតក្រមា ប្រកាស​​លទ្ធផលក្រមា និងមានការប្រគុំតន្ត្រីអបអសាទរផងដែរ៕

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញចូលរួមត្បាញក្រមា