ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់កម្មករ-កម្មការិនី ត្រូវរួមគ្នាទប់ស្កាត់ជំងឺអេដស៍ កុំឲ្យមានករណីឆ្លងបន្ត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែប​នេះក្នុង​ពិធី​ជួប​​សំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២១.០០០នាក់មកពីរោងចក្រ សហ​គ្រាស ចំនួន១៤នៅក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ខែមិថុនានេះ។ សម្តេចតេជោ បានបន្តថា កម្មករ​-កម្មការិនីទាំងអស់ ត្រូវចេះអប់រំគ្នា ក្នុងការបង្ការ ទប់ស្កាត់ជំងឺអេដស៍ ជាពិសេសមិនត្រូវ​មានការ​រើសអើងចំពោះអ្នកផ្ទុកជំងឺអេដស៍នោះទេ ព្រោះពួកគាត់ក៏ត្រូវការ ការយកចិត្តទុកដាក់ និងលើក​ទឹកចិត្តពីក្មួយៗកម្មករ-កម្មការិនី ទាំង អស់គ្នាផងដែរ។សម្តេចតេជោ ក៏អំពាវនាវដល់កម្មក​រ-កម្ម​ការិនី ថ្នាក់ដឹកនាំគ្រប់ផ្នែក ក៏ដូចជា ថៅតែរោងចក្រ ត្រូវមានសាមគ្គីល្អជាមួយគ្នា ដើម្បីបង្កើតនូវ​ភាពសុខសាន្តនៅក្នុងរោងចក្រ ជៀសវាងការបង្កចលាចលនានា ដែលនាំឲ្យមានការ​ខាត់បង់​ ទាំង​អស់គ្នា។សម្តេចតេជោ បញ្ជាក់ថា ក្មួយៗកម្មករ-កម្មការិនីត្រូវគិតថា ក្មួយៗមិនមែនត្រូវការ ការធ្វើការងារតែមួយខែ ឬ ពីរខែនោះទេ យើងត្រូវការងារទាំងអស់នេះយូរអង្វែរបន្តទៀត។