ក្រសួងចំនួនបី និងសង្គមស៊ីវិលស្នើឲ្យសេវាកំសាន្តសប្បាយបើកទូលាយទទួលក្រុមអ្នកផ្សព្វផ្សាយ​ពីវិធានការទប់ស្កាត់ ជំងឺអេដស៍

វិទ្យុជាតិកម្ពុជា ៖អត្ថបទដោយ ចេម ហួត 

ភ្នំពេញ៖ក្រសួងចំនួនបីនិងសង្គមស៊ីវិលស្នើឲ្យសេវាកំសាន្តសប្បាយបើកទូលាយទទួលក្រុមអ្នកផ្សព្វផ្សាយ​ពីវិធាន​ការ​ទប់​ស្កាត់​ជម្ងឺអេដស៍ដល់បុគ្គលិកដើម្បីបង្កើនសុវត្ថិភាពពីការ​ឆ្លងជម្ងឺអេដស៍។

ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងអង្គការ ក្រៅរដ្ឋាភិបាលបានអំពាវ នាវឲ្យ ម្ចាស់ កន្លែង សេវាកំសាន្តសប្បាយទាំងអស់បើកទូលាយអនុញ្ញាត ឲ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលបាន ចូលផ្សព្វផ្សាយ ស្តីពីវិធីការពារនិងការចំលងមេរោគអេដស៍ដល់បុគ្គលិកជាស្ត្រីបម្រើការកំសាន្តឲ្យបានទូលំទូលាយថែមទៀតដើម្បីទប់ស្កាត់ការចំលងជំងឺនេះ។

ថ្លែងក្រោយសិក្ខាសាលាស្តីពីការបញ្ចប់អេដស៍របស់ម្ចាស់សេវានិងអ្នកផ្តល់សេវាចំពោះស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅព្រឹកថ្ងៃទី២៧មិថុនានេះនៅភោជនីដ្ឋានទន្លេបាសាក់២ ឯកឧត្តម តែងគន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍មានប្រសាសន៍ថាការចូលរួមទប់ស្កាត់ជំងឺអេដស៍ពីសំណាក់ម្ចាស់សេវាកំសាន្តស ប្បាយមិនត្រឹម តែអាច ការពារការចំលងជំងឺអេដស៍ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យការធ្វើជំនួញមានការរីកចំរើននិងជោគជ័យផងដែរដោយសារបុគ្គលិកមានសុខភាពល្អអាចបំពេញការងារបានល្អប្រសើរទៀតផង។

ឯកឧត្តម ក៏បានណែនាំដល់ស្ត្រីធ្វើការនៅសេវាកំសាន្តសប្បាយត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ គឺត្រូវប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលវេលានៅពេលរួមភេទជាមួយដៃគូព្រោះមិនអាចកំណត់បានថាភ្ញៀវណាមានឬមិនមានផ្ទុកមេរោគអេដស៍នោះទេ។

លោកវេជ្ជបណ្ឌិតស្រី វណ្ណធួនប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំនៅកម្ពុជាបានគាំទ្រចំពោះ វិធានការប្រើប្រាស់ស្រោមអនាម័យនេះព្រោះអាចជួយការពារមិនឲ្យឆ្លងជំងឺអេដស៍និងជំងឺឆ្លងផ្សេងៗដែលឆ្លងតាមរយៈការរួមភេទ។

លោកបានស្នើឲ្យម្ចាស់គ្រឹះស្ថានសេវាកំសាន្តសប្បាយទាំងអស់បើកទូលាយឲ្យបុគ្គលិកអង្គការដើម្បីបានចុះផ្សព្វផ្សាយស្តីពីវិធីការពារនិងការចំលងមេរោគអេដស៍ ផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃដល់ស្ត្រីធ្វើការនៅសេវាកំសាន្ត សប្បាយ បានយល់ដឹងនិងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានស្ត្រីធ្វើការនៅសេវាកំសាន្តប្រមាណ៤ម៉ឺននាក់នៅទូទាំងប្រទេសក្នុងនោះមាន២ម៉ឺននាក់នៅរាជធានីភ្នំពេញ ខណៈកន្លងមកក្រុមស្រ្តីបំរើសេវាកំសាន្តនេះមានអត្រាឆ្លងរហូតដល់២,៣ភាគរយនៃ ចំនួនអ្នកផ្ទុក មេរោគអេដស៍សរុបជិត៧ម៉ឺននាក់​​៕

ក្រសួងចំនួនបី និងសង្គមស៊ីវិលស្នើឲ្យសេវាកំសាន្តសប្បាយបើកទូលាយទទួលក្រុមអ្នកផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជម្ងឺអេដស៍
រូបឯកសារ