អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៖ ដើម្បី​ការគ្រប់គ្រង​សំរាម​ឱ្យបាន​ល្អ បរិស្ថាន​ស្អាត ត្រូវ​ផ្ដើម​ពី​យើង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ដើម្បី​ការគ្រប់គ្រង​សំរាម​ឱ្យបាន​ល្អ បរិស្ថាន​ស្អាត ត្រូវ​ផ្ដើម​ពី​យើង និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​ជាពិសេស​ចូលរួម​ញែក​សំរាម​តាម​បច្ចេកទេស​ដោយ​ទុកដាក់​វេច​ខ្ចប់​សំរាម​តាម​ប្រភេទ​គឺ​សំណល់​សរីរាង្គ សំណល់​ដែល​អាច​កែច្នៃ និង​ប្រើប្រាស់​ឡើងវិញ​បាន​និង​សំណល់​ដែល​គ្រោះថ្នាក់​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ធុងសំរាម​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​គ​ម្រោ​ង​ទី​១ បុរី ប៉េង ហួត នៅក្នុង​បរិវេណ​សួនច្បារ​ក្នុង​បុរី​ប៉េង ហួត បឹង​ស្នោរ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា ការអនុវត្ត​គោលការណ៍​ញែក​សំរាម​តាម​ប្រភេទ​នេះ​ត្រូវបាន​អនុវត្តន៍​ដោយ​ក្រុមការងារ «​ផ្តើម​ពី​យើង​» ដឹកនាំ​ដោយ​លោក គួច វែង​ស្រ៊ុន និង​យុវជន​ស្ម័គ្រចិត្ត និង​ចូលរួម​អនុវត្តន៍​ដោយ​ក្រុមហ៊ុន​បុរី ប៉េង​ហួត ហើយ​គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ដោយ​ក្រសួងបរិស្ថាន​ក្នុង​គោលបំណង​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ញែក​សំរាម​តាម​បច្ចេកទេស និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បរិស្ថាន​ស្អាត និង​មាន​ផាសុក​ភាពល្អ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ «​ផ្តើម​ពី​យើង​» ក្រុមហ៊ុន​បុរី ប៉េង​ហួត ដែល​បាន​សហការគ្នា​រៀបចំ​អនុវត្ត​គម្រោង​នេះ​រហូត​បានទទួល​ជោគជ័យ និង​មានការ​ចូលរួម​គាំទ្រ​អនុវត្តន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​។

ឯកឧត្ដម នេត្រ ភក្ត្រា ក៏បាន​គូសបញ្ជាក់ថា ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​តែងតែ​គិតគូរ​ជានិច្ច​ពី​ការថែរក្សា ការពារ និង​លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា និង​បាន​ជំរុញឱ្យមាន​ប្រតិបត្តិ​មេត្រី​បរិស្ថាន​។ ជាមួយនេះ ឯកឧត្ដម ក៏បាន​លើកឡើង​ពី​ផលប្រយោជន៍​នៃ​ការរៀបចំ​ទុកដាក់ និង​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ផលប៉ះពាល់​ដែល​កើតចេញពី​ការបោះ​សំរាម ចោល​ផ្តេសផ្តាស​។ ឯកឧត្តម​បាន​ថ្លែងថា នៅក្នុង​មួយឆ្នាំ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត ៤​លាន​តោន ពោលគឺ​នៅ​ទូទាំងប្រទេស​មាន​សំរាម​ជាង ១ ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ​សំរាម​ដែល​បង្កើតឡើង​មាន​ចន្លោះ​ពី ២,៧០០ ទៅ ៣,០០០​តោន ក្នុង​មួយថ្ងៃ​ក្នុងនោះ​សំណល់​ម្ហូបអាហារ​មាន​ចំនួន ៥៧,៤០​ភាគរយ សំណល់​ថង់​ប្លា​ស​ស្ទិ​ក មាន​ប្រមាណ ១៨,១០​ភាគរយ សំណល់​ក្រដាស ៦​ភាគរយ កៅស៊ូ និង​ស្បែក ០,២​ភាគរយ សំណល់​ស្មៅ ឈើ ក្រណាត់ ថ្ម និង​ផ្សេងៗ​មាន​ចំនួន ១៨,៣០ ភាគរយ​។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​នេះ មាន​ក្ដីរំភើប និង​ពេញចិត្ត​ក្នុងការ​ចូលរួម​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រុមការងារ ដើម្បី​ជាការ​ចូលរួមចំណែក​លើ​ក​កម្ពស់​បរិស្ថាន​ឱ្យ​កាន់តែ​ល្អ ស្អាត​បន្ថែមទៀត​។

​លោក គួច វែង​ស្រ៊ុន ប្រធាន​គម្រោង «​ផ្តើម​ពី​យើង​» និង​លោកស្រី ជាវ សម្បត្តិ តំណាង​ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ថ្លែងអំណរគុណ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​គាំទ្រ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ និង​ប្រជា​ពល​រ្ឋ​ដែល​បាន​ចូលរួម​អនុវត្តន៍​គម្រោង​។
​សូមបញ្ជាក់ថា គម្រោង​ផ្ដើម​ពី​យើង​បានប្រគល់​ធុងសំរាម​ចំនួន ២០០​ឈុត ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​នេះ​ដែល​ពលរដ្ឋ​អាច​ទុកដាក់​សំរាម​តាម​ប្រភេទ ហើយ​នៅលើ​ធុងសំរាម​នោះ​មានការ​រចនា​ជា​កន្លែង​សម្រាប់​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ឬ​ផ្កា​លម្អ​ជាដើម​។​

​ឯកឧត្តម នេត្រ ភក្ត្រា ជឿជាក់ថា គម្រោង​ផ្តើម​ពី​យើង​នេះ​នឹង​ទទួលបាន​ជោគជ័យ​ហើយ​ក្លាយជា​គំរូ​សម្រាប់​កា​អនុវត្ត​នៅតាម​បណ្តា​បុរី​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ជំរុញ​ចលនា​ញែក​សំរាម​តាម​បច្ចេកទេស និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅ​ទូទាំង​ប្រ​ទស​កម្ពុជា​។ ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា “​សំរាម​មានតម្លៃ​ជា​សេដ្ឋកិច្ច ប្រសិនបើ​យើង​ចូលរួម​ញែក​សំរាម​ឱ្យបាន​ត្រឹម ហើយ​បរិមាណ​សំរាម​ដែល​ដឹក​យកទៅ​ចាក់ចោល​នៅលើ​ទីលាន​ចាក់សំរាម​នឹង​ត្រូវបាន​កាត់បន្ថយ​ដោយ​សំរាម​ខ្លះ​អាច​យកទៅ​កែច្នៃ និង​ប្រើប្រាស់​ឡើងវិញ សំណល់​សរីរាង្គ​ដែលជា​សំណល់​ម្ហូបអាហារ​អាច​កែច្នៃ​ជា​ជី​កំ​ប៉ុ​ស្ដ​ដាក់​លើ​ដំណាំ ឬ​រុក្ខជាតិ​ផ្សេងទៀត​បាន​”៕​ដោយ រិទ្ធី​