លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សូមបងប្អូនប្រជាពលរដ្ឋ កុំសន្តិភាពជាមួយនឹងវីរុសកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ —  

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានដាស់តឿនប្រជាពលរដ្ឋ កុំសន្តិភាពជាមួយនឹងជំងឺវីរុសកូវីដ១៩ ឱ្យសោះ។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ឱប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ថា៖ « រាល់អ្នកដំណើរដែលអវិជ្ជមានទាំងអស់ នៃជើងយន្តហោះដែលផ្ទុកអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ដែលត្រូវបានក្រសួងសុខាភិបាលរកឃើញថាវិជ្ជមានកាលពីល្ងាចថ្ងៃម្សិលមិញនេះ កំពុងត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសាលាជម្ពូវ័ន ហើយការរកឃើញនេះផងដែរ ជាសញ្ញាដាស់តឿនបងប្អូនប្រជាពលរដ្ឋយើង ឱ្យមានការប្រុងប្រយ័ត្នបន្តទៀត ដោយមិនត្រូវសន្តិភាពជាមួយនឹងវីរុសកូវីដ១៩នោះទេ »។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា៖ « ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានធ្វើដំណើរមកមាតុប្រទេសវិញ គឺត្រូវចេះប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច ក៏ដូចជាចេះអនុវត្តនូវវិធានការការពារ ដើម្បីចៀសផុតពីការឆ្លងមេរោគនេះបាន ហើយបើទោះជាករណីទាំងនេះជាករណីនាំចូលក៏ដោយ ក៏យើងត្រូវចូលរួមសហការគ្នាដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង »។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បានបង្ហាញថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៥នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសអារ៉ាប់ប៊ី សាអូឌី ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី ដែលធ្វើឱ្យករណីសរុបទូទាំងប្រទេស កើនដល់ចំនួន១៥៦នាក់ ខណៈករណីកំពុងសម្រាកព្យាបាលនៅពេលនេះ គឺមានចំនួន២៣នាក់៕

ដោយ ផែន រតនៈ