ប្រមុខរាជរដ្ឋាភិបាលក្រើនរម្លឹកជនរួមជាតិឲ្យការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ ២០ ២០នេះ បានក្រើនរម្លឹកជាថ្មីដល់ជន រួមជាតិទាំងអស់ ឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះសម្តេចបានអំពាវ នាវដល់ ពលរដ្ឋដែលទើបមកពីក្រៅប្រទេ សទាំងអស់ឱ្យអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការថា៖”សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ”។
សម្តេចតេជោបន្តថា “ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣ នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ”។
សម្តេចតេជោហ៊ុន សែន បានក្រើនរម្លឹកដោយសូមបងប្អូនប្រជាពលរដ្ឋកុំធ្វេស ប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។
ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។
សូមជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ- ១៩ទាំងអស់គ្នា៕