បទយកការណ៍៖ វត្តមាន “ដើមឈើចាំស្នេហ៍” នៅខេត្តព្រះសីហនុ មិនមែនជារឿងចៃដន្យ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ — 

វត្តមាននៃដើមឈើមួយដើម នៅកណ្តាលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយនៅខេត្តព្រះសីហនុ ដែលគេនាំគ្នាហៅថា “ដើមឈើចាំស្នេហ៍” មិនមែនជារឿងចៃដន្យសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិឡើយ ។ នេះបើតាមការអះអាងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ។

លោក ឃាង ភារម្យ បានឱ្យដឹងថា ដើមឈើមួយដើមនេះ គឺជាដើមឈើអច្ឆរិយៈ ដោយសារតែវាគឺជាដើមឈើតែមួយដើមគត់ ដែលបានដុះនៅកណ្តាលដើមឈើអាកាស្យា នៅក្នុងតំបន់នោះ ហើយត្រូវបានប្រទះឃើញដោយក្រុមការងារសាងសង់ និងត្រួសត្រាយផ្លូវនៅម្តុំឆ្នេរលោកយាយម៉ៅ ។

លោកបានថ្លែងបន្តទៀតថា ដើមឈើមួយដើមនេះគឺជាដើមជ្រៃត្រាង ដែលមានអាយុកាលគួរសម ហើយមានតែមួយដើមគត់នៅកណ្តាលព្រៃអាកាស្យា ដែលដុះនៅក្នុងតំបន់នោះ ។

លោកបានបញ្ជាក់ថា៖ “ នេះជាដើមអច្ឆរិយៈ ដោយសារតែវាដុះនៅកណ្តាលព្រៃអាកាស្យា នៅតំបន់ឆ្នេរលោកយាយម៉ៅ ហើយត្រូវបានក្រុមការងារធ្វើការឈូសឆាយត្រួសត្រាយផ្លូវប្រទះឃើញនៅក្នុងតំបន់នោះ“ ។

លោកបានបន្តទៀតថា ដោយសារតែដើមឈើមួយដើមនេះវាមានលក្ខណៈពិសេសបែបនេះ ទើបថ្នាក់ដឹកនាំខេត្តបានសម្រេចរក្សាទុក ហើយរៀបចំវារហូតដល់ពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានប្រសិទ្ធិនាមដើមឈើនេះថា “ដើមឈើចាំស្នេហ៍” ហើយហូសពីទីនេះបន្តិចមានថ្មមួយដុំដែលក្រុមការងារខេត្តបានរក្សាទុក នៅកណ្តាលផ្លូវដែរនោះ គឺជា “សិលាចាំស្នេហ៍ដែរ” ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា សព្វថ្ងៃនេះទីតាំងទាំងពីរកន្លែងនេះ “ដើមឈើចាំស្នេហ៍“ និង “សិលាចាំស្នេហ៍” គឺជាគោលដៅទេសចរណ៍ថ្មី ដែលអ្នកទេសចរដែលមកកាន់ខេត្តព្រះសីហនុ តែងតែប្រាថ្នាចង់ឃើញ និងទៅទស្សនា និងថតរូបទុកជាអនុស្សាវរីយ ។

អ្នកមីង សេត មឿន ជាប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលបានធ្វើដំណើរមកកម្សាន្តខេត្តព្រះសីហនុ បានថ្លែងថា វាពិតជាប្លែកម្យ៉ាងដែរ នៅពេលដែលមកលេងនៅសមុទ្រម្តង ហើយបានមកឃើញទិដ្ឋភាពរៀបចំជា “ដើមឈើចាំស្នេហ៍” នៅកណ្តាលផ្លូវថ្មីបែបនេះ។ 

“ដើមឈើចាំស្នេហ៍” និង “សិលាចាំស្នេហ៍” ស្ថិតនៅពាក់កណ្តាលផ្លូវបេតុងថ្មីមួយដែលបែកចេញពីរាម ឆ្ពោះទៅទីក្រុងព្រះសីហនុ ។ វានៅកណ្តាលផ្លូវតភ្ជាប់ពីឆ្នេរលោកយាយម៉ៅ ទៅឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ហើយចេញពីទីនោះតែបន្តិច នឹងទៅដល់ “សិលាចាំស្នេហ៍” ។

“ដើមឈើចាំស្នេហ៍” នេះមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដែលមានអាយុកាលយូរឆ្នាំមកហើយ ហើយ “សិលាចាំស្នេហ៍” ជាផ្ទាំងថ្មធម្មជាតិដ៏ធំ ៕

ដោយ ហេង បញ្ញា      រូបថត៖ កុក គី