រដ្ឋបាលខេត្ត​ត្បូងឃ្មុំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣ ​ដើម្បី​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ស្រុក​ពញាក្រែក​

(​ត្បូងឃ្មុំ​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣ នៅ​ស្រុក​ពញាក្រែក ដើម្បី​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ស្ថិតនៅ​បរិវេណ​វត្ត​ស្ទឹង​ជ័យ ក្នុង​ឃុំ​ពពេល ស្រុក​ពញាក្រែក ។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ​នោះ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​ប្រធាន​/​អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ក្រុមប្រឹក្សាឃុំ និង​តំណាង​បងប្អូន​ប្រជា​ពល រដ្ឋ ជាច្រើន​នាក់​ផងដែរ ។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ មាន​គោលបំណង​ដើម្បី ផ្តល់ឱកាស ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហា​ប្រឈម​នានា ដែល​កើតមាន នា​រយៈកាល​កន្លងមក ។ ក្រៅពីនោះ វេទិកា​នេះ ក៏​នឹង​ផ្តល់នូវ​ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​បញ្ចេញមតិរ​បស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ​និង​តម្រូវការ​ជាក់ស្តែង នៅក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សំណូមពរ ដែល​បានលើកឡើង​។​

​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ គូសបញ្ជាក់ថា ៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ យើងទាំងអស់គ្នា​បាន​ពិភាក្សា ឆ្លើយតប និង​ដោះស្រាយ​នូវ​បញ្ហា​អាទិភាព​សំខាន់ៗ​សម្រាប់​រដ្ឋបាល​ក្នុង​ខេត្ត ជាពិសេស​ការពង្រឹង​ការចូលរួម​មតិ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​កិច្ច​អភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក្នុង​គោលបំណង​ពង្រឹង​យន្តការ​តម្លាភាព ព្រមទាំង​លើកកម្ពស់​គោលការណ៍​អភិវឌ្ឃន៍​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ។ លើសពីនេះ​ទៀត​នោះ គឺ​បានបង្ហាញ​នូវ​តួនាទី​ក្រុមប្រឹក្សា ព្រមទាំង​លទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន តាមរយៈ ការអនុវត្ត​សកម្មភាព ក្នុងពេល​កន្លងមក ដើម្បី​ឆ្លើយតប​ជាមួយ​ម្ចាស់ឆ្នោត ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។​

​សូមជម្រាបថា​ក្នុង​អង្គ​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ និង​សំណូមពរ​មួយចំនួន ដើម្បីឱ្យ​ក្រុមការងារ​ធ្វើការ​ឆ្លើយតប និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់ មានដូចជាៈ សាលារៀន​,​ផ្លូវថ្នល់​, ត​បណ្ដាញ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​, ភាស៊ី​ផ្សារ ចរាចរណ៍​ផ្សារ បញ្ហា​សំរាម និង​លូបង្ហូរទឹក​នៅ​ផ្សារ​ស្ទឹង​, ក្រមសីលធម៌​គ្រូពេទ្យ​រដ្ឋ និង​សន្តិសុខ​សាធារណ​:​ជាដើម​។ ឆ្លើយតប​ទៅនឹង​សំណូមពរ​មតិយោបល់​ដែលជា​កង្វល់​នានា​ខាងលើ ត្រូវបាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ពិសេស​មន្ត្រី​ជំនាញ បានធ្វើការ​ឆ្លើយតប​បំភ្លឺ និង​ដោះស្រាយ​ជូន​ភ្លាមៗ​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​