កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ត្រីមាសទី៣

(កំពង់ធំ)៖ ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២០ លោកលន់ សាយតេង ប្រធាននាយកដ្ឋានសុខភាព ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក តាន់ វាសនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ត្រីមាសទី៣ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលររួមពីប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍផ្សេងៗនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

ថ្លៃក្នុងកម្មវិធីនេះលោក តាន់ វាសនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានបង្ហាញពីគោលបំណងគឺដើម្បីឆ្លុះអញ្ចាំងការងារដែលបានអនុវត្ត នូវកម្មវិធីលើកកម្ពស់អនាម័យជនបទសម្រាប់៩ខែដើមឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ ២០២១។

អង្គប្រជុំបានការពិភាក្សាស្វែងរកបញ្ហាដែលកើតឡើង នៅសហគមន៍ និងស្វែងរកដោះស្រាយ។ពង្រឹងកិច្ចសហការប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យ ទឹកស្អាត និងអនាម័យជនបទ។

ក្នុងឱកាសនេះលោកលន់ សាយតេង ប្រធាននាយកដ្ឋានសុខភាព ក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងពី ស្ថានភាពបច្ចុប្បន្នអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ធំមានភាពល្អប្រសើរជាងមុន ជាលទ្ឋផលការងារសម្រេចបានរបស់កម្មវិធីលើកកម្ពស់ អនាម័យជនបទជំហាន២។ ការចុះផ្សព្វផ្សាយនៅតាមសហគមន៍ដល់ជនបង្គោលភូមិ-ឃុំ ស្ដីពីការគ្រប់គ្រងអនាម័យពេលមានរដូវទឹកជំនន់ និងការផ្លាស់ប្ដូរឥរិយាបថតាមការប្រាស្រ័យទាក់ទង និងចែកជូនសាប៊ូលាងដៃដល់ស្ត្រី គ្រួសាររងគ្រោះនៅក្នុងភូមិ។ ដើម្បីលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យ ការលាងដៃនឹងសាប៊ូ និងការផឹកទឹកសុវត្ថិភាពគឺ សំដៅសម្រេចបានសេវាប្រកបដោយសមភាព។

ជាចុងក្រោយលោកលន់ សាយតេង ប្រធាននាយកដ្ឋានសុខភាព ក្រសួងអភិវឌ្ឍន៍ជនបទបានអពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ត្រូវរៀបចំផែនការដាក់បញ្ចូលថវិកាវិនិយោគឃុំ លើទឹកស្អាត និងអនាម័យប្រចាំឆ្នាំ។ត្រូវលើកទឹកចិត្តដល់ស្ត្រីគ្រួសារងាយរងគ្រោះចូលរួមធ្វើការក្នុងសកម្មភាពទឹកស្អាត និងអនាម័យ។ រៀបចំផែនការសកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០២១ ស្តីពីការងារទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ធ្វើផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។