សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខកុមារកំព្រា ងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ 

(ព្រៃវែង)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តឯកឧត្ដម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា ដំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំ គណៈកម្មការសាខា ក្រុមប្រតិបត្តសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការងារឥស្សរជនឆ្នេីមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកចំនួន ២ គឺស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ដែលមានកុមារទទូលផលចំនួន ១៩ នាក់។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ឆ្លងកាត់វគ្គផ្សព្វផ្សាយកន្លងមក និងតាមរយៈការចុះផ្ទាល់ដល់គេហដ្ឋាន យេីងសង្កេតឃេីញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងអាចអនុវត្តបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអាចទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។

ឯកឧត្ដម ឧកញ៉ា ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនៗឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជា ធនធានដ៏ល្អ ដើម្បីចូលរួមជួយ អភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។

ឯកឧត្តម ឧកញ៉ាក៏បានផ្ដាំផ្ញើបន្តទៀតថាសូមឲ្យប្អូនៗ និងអាណាព្យាបាល ត្រូវចូលរួមអនុវត្តការពារទប់ស្កាត់នូវជម្ងឺកូវីត១៩ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការអនុវត្តន៍អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំដើម្បីចូលរួមក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងមកខ្លួនយើង និងនៅក្នុងសហគមន៍យើង។

ដេីម្បីជួយលេីកកម្ពស់សុខភាពអនាម័យរបស់ប្អូនៗសាខាបានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវអំណោយរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខកំប៉ុង ១ យូរ, អាវយឺតចំនួន ៥, សាប៊ូ ២ ដុំ, ថវិកា ៥ ម៉ឺនរៀល និងបានផ្តល់នូវសៀវភៅ ២ ក្បាល និងប៊ិច ២ ដើម ដល់ប្អូនៗដែលកំពង់សិក្សាចំនួន១៥ នាក់ផងដែ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

សម្រួលផ្សាយ៖ កន ចំណាន