ឯកឧត្តម ម៉ែន វិបុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ស្រូវពូជ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១២១​គ្រួសារ​

(​ស្វាយរៀង​)៖ បន្ទាប់ពី​ចុះ​ពិនិត្យ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​ពីរ​គ្រួសារ នៅ​ភូមិ​ចេក ឃុំ​សំរោង និង​ភូមិ​ត្រពាំងរុន ឃុំ​ច្រេស​ស្រុក​ចន្ទ្រា នា​ព្រឹក​ថ្ងៃ​ពុធ ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ស្រូវពូជ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១២១​គ្រួសារ មកពី​ឃុំ​ចន្ទ្រា និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម​ទីប្រឹក្សា​ក្រសួងកសិកម្ម លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលស្រុក​ចន្ទ្រា លោក​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជាកសិករ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​ឯកឧត្តម​បន្តថា រដ្ឋបាលខេត្ត​សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់ និង​ខូចខាត​ផលដំណាំ​កសិផល សត្វពាហន​: ជាមួយ​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រយះពេល​កន្លង​មកជា​ពិសេស​នៅ​ឃុំ​ចន្ទ្រា និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា នាពេល​កន្លងមក​។ ទន្ទឹមនេះ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន តាមរយះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ មឹង សំផន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុ​ុ​ក​ចន្ទ្រា ដែល​ឯកឧត្តម​បាន​នាំយក​នូវ​ពូជស្រូវ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ដែល​រៀបចំ​ពិធី​នេះ​ឡើង​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅថ្ងៃនេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ។ ក្នុងនោះ​ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​។​

​អំណោយ​ស្រូវពូជ​របស់​សម្តេច​តេ​ជោ​ដល់​ប្រជាពលរដ្ឋ​១២១​គ្រួសារ ក្នុង​មួយ​គ្រួសារ​១០០​គីឡូក្រាម និង​ថវិកា​២​ម៉ឺន​រៀល​ដែលជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​៕ ដោយ​៖ មន្ទីរ​ព័​ត័​មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​