ផ្ទៃដីដែលលាក់កប់ដោយគ្រាប់មីនជិត៦៩ហិចតា នៅស្រុកបន្ទាយស្រីត្រូវបានបោសសម្អាត

(សៀមរាប)៖  អង្គការក្រៅរដ្ឋាភិបាលចិន គាំទ្រមូលនិធិ ដល់ការងារបោសសម្អាតមីននៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្ទែដីជិត៦៩ហិចតាត្រូវបានធានាសុវត្ថិភាពទាំងស្រុងផុតពីការព្រួយបារម្ភ។ កន្លងមក   មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា និយាយថា នេះគឺជាចូលរួមជម្រុញឲ្យមានផ្លែផ្កា នៃយុទ្ធសាស្រ្ត២០២៥ កម្ពុជាគ្មានការគំរាមកំហែង នៃគ្រាប់មីន ។

ផ្ទៃដីជិត៦៩ហិចតា ដែលបង្កប់ដោយគ្រាប់មីន និងកាកសំណល់សង្គ្រាម នៅក្នុងភូមិទួលគ្រួស និងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានបោសសម្អាតជាស្ថាពរ និងត្រូវបានផ្ទេរ-ប្រគល់ជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២០នេះ។ កងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលហៅកាត់ថា ( NPMEC ) គឺជាអង្គភាពប្រតិបត្តិការ  និងគាំទ្រមូលនិធិដោយអង្គការ Pleace Land Foundation។

បើយោងតាមសេចក្តីរាយការណ៍របស់អនុសេនីយ៍ឯក អ៊ួន ភារម្យ តំណាងបញ្ជាការការដ្ឋានបោសសំអាតមីន និងកាកសំណល់សង្គ្រាម នៃតំបន់ផ្ទេរ- ប្រគល់នោះ បានឲ្យដឹងថា ប្រតិបត្តិការនេះមានរយ:ពេល១០ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមក  ក្នុងនោះរួមមាន ផ្ទៃដីសាងសង់លំនៅដ្ឋាន ផ្ទៃដីកសិកម្ម និងផ្ទៃដីស្ថាបនាផ្លូវថ្នល់។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ បានរកឃើញ និងយកទៅកម្ទេចចោល រួមមាន មីនប្រឆាំងថ្មើរជើង ៥៩គ្រាប់ មីនប្រឆាំងគ្រឿងចក្រ០៤គ្រាប់ និងអំបែងជិត៤ម៉ឺនដុំ។

ឯកឧត្តម Liu ZHIJIE អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បញ្ជាក់ថា អង្គការ Pleace Land Foundation គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៅសាធារណរដ្ឋប្រជាមានិតចិន។ ពួកគេបានធ្វើការងារយ៉ាងសកម្មក្នុងការប្រម៉ែប្រមូលរកមូលនិធិ ដើម្បីជួយគាំទ្រក្នុងវិស័យមីន ដូចដែលបានឃើញជាលទ្ធផលនៅស្រុកបន្ទាយស្រីនេះ។ កម្ពុជា-ចិន គឺជាអ្នកជិតខាង ជាដៃគូដ៏ល្អ និងស្មោះត្រង់ អាចថា ជាចំណងសម្ព័ន្ធមេត្រីភាពជាបងប្អូនបង្កើត រួមវាសនាតែមួយនៅក្នុងតំបន់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីក្នុងតំបន់ បានផ្តល់នូវលក្ខខ័ណ្ឌអំណោយផលជាច្រើន សម្រាប់ជួយជម្រុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឯកឧត្តម ក៏បានរំលឹកដែរថា ក្នុងគ្រាដ៏លំបាកនៃស្ថានភាពជម្ងឺឆ្លងកូវីដ-១៩ ទំនាក់ទំនងរបស់មេដឹកនាំនៃប្រទេសទាំង២ បានឆ្លុះបង្ហាញកាន់តែច្បាស់ថែមទៀត អំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា មានប្រសាសន៍ថា ៖ ផែនការយុទ្ធសាស្ត្រច្បាស់លាស់របស់កម្ពុជា គឺបញ្ចប់ការគំរាមកំហែងដោយសារមីនអោយអស់ ត្រឹមឆ្នាំ២០២៥។ ជាង២០ឆ្នាំកន្លងមកនេះ ទូទាំងប្រទេសកម្ពុជា សម្រេចការរំដោះដីចំការមីនបានប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា នៅសល់ប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡាទៀត ដែលពីត្រឹមពេលនេះ រហូតដល់ឆ្នាំ២០២៥។ នេះ គឺជាការបង្ហាញអំពីមហិច្ឆតាខ្ពស់របស់កម្ពុជា ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះការសម្រេចមហិច្ឆតានេះ គឺការគៀងគរស្វែងរកថវិកាគាំទ្រក្នុងប្រត្តិបត្តិការនោះ។

ឯកឧត្តម គូសញ្ជាក់ថា យុទ្ធសាស្រ្តនៃការបោសសម្អាតមីន គឺដើម្បីគោលដៅអភិវឌ្ឍន៍។ ហានីភ័យនៃវត្តមានគ្រាប់មីន គឺធ្វើឱ្យប្រជាពលរដ្ឋបារម្ភខ្លាំង និងភ័យខ្លាច ហើយមិនបានប្រើប្រាស់ឲ្យអស់លទ្ធភាព លើផ្ទៃដីដែលមាននោះទេ។

អភិបាលស្រុកបន្ទាយស្រី ( លោក ឃឹម ហ្វីណង់ ) ក៏បានបង្ហាញឲ្យដឹងដែរថា៖ មុននេះ ភូមិត្រពាំងថ្ម និងភូមិពើងឆ័ត្រ គឺជាមូលដ្ឋានលំបាកខ្លាំងជាងគេបំផុត។ ជាមួយនឹងការរំដោះផ្ទៃដីចេញពីគ្រាប់មីន អាជ្ញាធរស្រុកបានដោះស្រាយជាបណ្តើៗហើយ បញ្ហាទឹក បញ្ហាភ្លើងអគ្គីសនី និងកំពុងសម្លឹងមើលដៃគូអភិវឌ្ឃន៍ ដើម្បីធ្វើឲ្យដំណើរការលើវិស័យកសិកម្ម ថាតើត្រូវធ្វើអ្វី ដើម្បីតម្រូវតាមតំបន់ដែលមិនសូវសំបូរទឹកនេះ។ ហើយអ្វីដែលសំខាន់សម្រាប់ទៅថ្ងៃអនាគតដែរនោះ គឺវិស័យទេសចរណ៍៕

អត្ថបទ និងរូបភាព: លោក ងិន គីមឡេង
កែសម្រួលដោយ លីវ សុខុន