សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

(សៀ​មរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយអាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ក្នុងគោលបំណងជម្រុញដល់សិស្សានុសិស្សឲ្យពួកគាត់បានយល់អំពីច្បាប់ក្នុងការប្រើប្រាស់ផ្លូវ និងយានយន្តគ្រប់ប្រភេទ។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោក ស៊ុ សំអន នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី សំ សាវាំង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៏ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវកាយរិទ្ធជាតិកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន ៧៥នាក់ផងដែរ។

ក្នុងឱកាស លោក ស៊ុ សំអន មានប្រសាស៍ថា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាការស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានគាំទ្រសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនដូចជា ការចូលរួមសម្រួលសុវត្ថិភាពចរណ៍តាមដងផ្លូវ ចុះអប់រំផ្សព្វផ្សាយតាមទីសាធារណៈ គ្រឹស្ថានសិក្សា និងសហគមន៍ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ឲ្យគោរពច្បាប់ចរាចរណ៍ជាដើម។ ជាក់ស្ដែងវគ្គផ្សព្វផ្សាយនាឱកាសនេះធ្វើឡើងក្នុងគោលបំណង ក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ជាពិសេសក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅមក ដោយបច្ចុប្បន្ននេះចរាចរណ៍នៅលើដងផ្លូវ នឹងមានភាពមមាញឹកយ៉ាងខ្លាំងទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ។

សូមបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយនេះ ក្រុមការងារក៏បានពន្យល់ និងបង្ហាត់ពីរបៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលយើងបើកបរ ការគោរពភ្លើងសញ្ញាចរាចរណ៍ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវ សម្ភារមួយចំនួនដូចជា៖ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍មួយចំនួន កូនសៀវភៅស្តីពីផលប៉ះពាល់គ្រឿងស្រវឹងមួយចំនួន និងខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការថ្មី រូបភាពផ្ទាំងធំ សន្លឹកចំណាំងផ្លាត ម៉ូតូ រឺម៉ក ដល់សិស្សានុសិស្សផងដែរ៕


ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប