គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​នៅ​ខេត្ដ​សៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់ នៅ​ចុងខែ​វិច្ឆិកា​នេះ !

​សៀមរាប​៖ MC: ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធ​រណៈការ និង​ដឹកជញ្ជូន កាលពី​ម្សិលមិញ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​អញ្ជើញ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ពិនិត្យ​វឌ្ឍនភាព ដែល​គ្រោង​នឹង​បើក​ករ​ដ្ឋា​ន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ខាង​មុង​ខ​នេះ ។​

​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការសាងសង់ ការ​ឈូសឆាយ​ផ្លូវ គ្រឿងចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ មន្ទីរពិសោធន៍​ក្នុងការ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ព្រមទាំង​មតិយោបល់​ទាក់ទង​នឹង​ការស្ថាបនា​នៃ​ខ្សែ​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​ឯកឧត្ដម បាន​បន្ដថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ឡើង​ដោយ​អង្គភាព​ចំនួន​០៦​អង្គភាព បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោតជាសំខាន់​លើ​គុណភាព ប្រសិទ្ធភាព ជាមួយនឹង​ការបញ្ចប់​គម្រោង​ឱ្យបាន​ទាន់ពេលវេលា​តាម​ការគ្រោងទុក​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖​ក្រុមការងារ​ក្រសួង​នឹងធ្វើ​ការចុះពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនេះ ដើម្បីឱ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​បច្ចេកទេស ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​។ ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា​៖ អង្គភាព​ដែល​ទទួលយក​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​រួមមាន​៖ កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប កងវិស្វកម្ម​១០៨ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា ខ​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ ក្នុងនោះ ប្រភេទ​ទីមួយ​ចាក់​បេតុង​កម្រាស់ ២៥​សង់ទីម៉ែត្រ ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC)​ពីលើ​ទេ ប្រភេទ​ទី​ពីរ​ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧​សង់ទីម៉ែត្រ​យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន ប្រភេទ​ទី​បី​ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង​ប្រភេទ​ទី​បួន អ៊ុត​កៅស៊ូ​បេតុង​កម្រាស់ ១៥​សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ​។​

​ឯកឧត្ដម បញ្ជាក់​បន្ថែមថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​៕ អត្ថបទ និង​រូបភាព​: លោកបូ សា​វី កែសម្រួល​ដោយ លីវ សុខុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​