មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ដឹកនាំ​នាយទាហាន និង​ពលទាហាន ចុះជួយ​ប្រមូល​ផល​ស្រូវ ដល់​គ្រួសារ​យោធិន ក្រៅពី​កិច្ចការងារ​ការពារ​បូរណភាព​ទឹកដី ជូន​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​!

(​ខេត្តព្រះវិហារ​)៖ យោធិន​ពីរ​គ្រួសារ ដែល​កំពុង​ប្រឈម​នឹងខ្វះ​កម្លាំង​ជួយប្រមូល​ផល​ស្រូវ ដែល​ខិតខំ​ដាំ​ដុះ​នា​រដូវវស្សា​កន្លងមក​នោះ នៅក្នុង​រដូវ​ស្រូវ​ទុំ ដួល​រាប​ពេញ​ស្រែ​នេះ មេបញ្ជាការរង​យោធភូមិ​ភាព​ទី​៤ និង​មេបញ្ជាការ​ទិស​ទី​១ ប្រាសាទព្រះវិហារ លោក​ឧត្ដមសេនីយ៍ទោ លៀង ឡេង ,​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ទោ ច័ន្ទ សុ​ភ័​ក្ដ្រា បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដែលជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ចុះជួយ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​ឲ្យ​ទាន់​រដូវ​កាល និង​ដើម្បី​សម្រាល​ការលំបាក ដល់​គ្រួសារ​យោធិន ផង​នោះដែរ​។​

​ការដឹកនាំ​កម្លាំង​ចុះជួយ​ប្រមូល​ផល​ស្រូវ​ទុំ​នោះ បានធ្វើ​ឡើង​រវាង​ពីថ្ងៃ​បន្តបន្ទាប់​គ្នា នា​ថ្ងៃ​ឈប់សម្រាក​ពី​កិច្ចការងារ​រាជការ នៅ​ចុង​សប្តាហ៍​មកនេះ គឺ​ថ្ងៃ​សៅរ៍​ទី​១៤​វិច្ឆិកា ចុះជួយ​ច្រូតកាត់​ដល់​គ្រួសារ​យោធិន ស្ថិតនៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ និង​នៅ​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​ឆ្នាំ​២០២០ ចុះជួយ​ប្រមូល​ផល​ស្រូវ នៅ​ភូមិ​ប្រ​ពាំង​សង្កែ​ខាងជើង ឃុំ​ជាំ​ក្សាន្ដ ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។​
​យោធិន​ទាំងពីរ​គ្រួសារ ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ ពី​ប្រធាន​អង្គភាព​ខ្លួន​នោះ គឺ​១​គ្រួសារ ស្វាមី​បម្រើ​ការងារ​ងារ​នៅក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​១ និង​១​គ្រួសារ​ទៀត បម្រើ​ការងារ​នៅក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​២ ចំណុះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។

​​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ទោ ច័ន្ទ សុ​ភ័​ក្ដ្រា បាន​មានប្រសាសន៍ថា ផ្ទៃដី​កសិកម្ម​របស់​យោធិន​ទាំងពីរ​គ្រួសារ ដែល​ត្រូវបាន​ចុះជួយ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​ទុំ​នាពេលនេះ មាន​ជាច្រើន​ហិច​តា និង​ដោយ​មើលឃើញ ពី​ការលំបាក​របស់​គ្រួសារ​កងទ័ព​ទាំងពីរ ក៏ដូចជា​គ្រួសារ​កងទ័ព​ផ្សេងទៀត​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ បាន​ឆក់យក​ពេលវេលា​ដ៏​មានតម្លៃ នា​ថ្ងៃ​ឈប់សម្រាក​ពីរ​ថ្ងៃ​ចុង​សប្តាហ៍​មកនេះ ដើម្បី​ដឹកនាំ​កម្លាំង​ចុះជួយ​ច្រូតកាត់ និង​ការប្រមូល​ផល​ឲ្យ​ទាន់​រដូវ​កាល ព្រោះ​ត្បិត​ពេលនេះ​ស្រូវ​ទុំ​ដួល​រាប​ពេញ​ស្រែ ស្រប​ពេលដែល​គ្រួសារ​យោធិន កំពុង​ខ្វះ​កម្លាំង​ជួយប្រមូល​ផល ផង​នោះដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ បាន​មានប្រសាសន៍​ទៀតថា ការចុះ​ជួយប្រមូល​ផល​ស្រូវ​ទុំ របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន ដល់​គ្រួសារ​យោធិន​នាពេលនេះ ត្រូវបាន​ចាត់ទុកថា គឺជា​កិច្ចការងារ​ស្នូល​មួយ ជួយ​រំលែក​ដល់​មិត្ត​រួម​ប្រដាប់អាវុធ គ្រា​ជួបប្រទះ​ការលំបាក ដោយ​មិនចាំបាច់​ចំណាយ​ថវិកា ជួល​គេ​ឲ្យ​មកជួយ​ច្រូតកាត់​នោះឡើយ ហើយ​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា សកម្មភាព​នេះ​សបញ្ជាក់​ឲ្យ​ឃើញ ពី​ការចេះ​រួម​សាមគ្គី ឯកភាពគ្នា​ជា​ធ្លុង​មួយ ជួយ​ដល់​កិច្ចការ​មនុស្សធម៌ និង​សង្គម​ធម៌ ក្រៅពី​កិច្ចការងារ​ការពារ​បូរណៈភាព​ទឹកដី ការពារ​អធិបតេយ្យភាព ជូន​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ព្រោះ​យោធា គឺជា​កូនចៅ​ប្រជាពលរដ្ឋ និង​ប្រសូត្រ​ចេញពី​ប្រជាពលរដ្ឋ យ៉ាងពិត​ប្រាកដ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​បញ្ជាក់ថា ការចុះ​ជួយប្រមូល​ផល​ស្រូវ​នេះ មិនមែន​ធ្វើឡើង​ចំពោះ​គ្រួសារ​យោធិន​ទាំងពីរ​គ្រួសារ​នេះ​ទេ គឺ​នៅមាន​គ្រួសារ​យោធិន​ជាច្រើន​ទៀត នឹងត្រូវ​ចុះជួយ​ប្រមូល​ផល ច្រូតកាត់​បោក​បែន​ឲ្យ​ទាន់​រដូវ​កាល​ស្រូវ​ទុំ ដោយ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ទៀត ។ យោធិន​ទាំងពីរ​គ្រួសារ បាន​សម្តែង​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ ក៏​ដូច​មិត្ត​រួម​ប្រដាប់អាវុធ ដែលជា​នាយទាហាន និង​ពលទាហាន​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ ចុះជួយ​សម្រួល​ការលំបាក​របស់​ពួកគេ​នៅក្នុង​ពេលនេះ សកម្មភាព​នេះ លោក​នឹង​ចងចាំ​ជានិច្ច​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ផ្តាំផ្ញើ​ដល់​យោធិន​ទាំងពីរ​គ្រួសារ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ សូមកុំ​ភ្លេច​បង្កើន​ការ​អនាម័យ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដោយ​គ្រាន់តែ​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល គឺ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា ត្រូវ​រស់នៅ​ស្អាត ហូត​ទឹក និង​ចំណីអាហារ​ឆ្អិត​ល្អ ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​អង្គភាព និង​លំនៅដ្ឋាន​របស់ខ្លួន​ឲ្យ​បានល្អ​ជានិច្ច ដើម្បី​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រីក​រាលដាល​ជាស​កល នាពេលនេះ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​