មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​នាំយក​អាវរ​ងារ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មក​ចែកជូន​នាយទាហាន និង​ពលទាហាន មកពី​គ្រប់​អង្គភាព​ចំណុះ សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវ​ចុះ​ត្រជាក់​នេះ​!

(​ខេត្តព្រះវិហារ​)៖ អាវរ​ងារ​ជិត ៨០០​អាវ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី ត្រូវបាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា នាំយកមក​ចែកជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន មក​គ្រប់​កងឯកភាព​ចំណុះ​ទាំងអស់ ជាពិសេស អង្គភាព​ជួរមុខ​ដែល​ស្ថិតនៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ បន្ទាប់ពី​ទទួលបាន​ដោយផ្ទាល់​ពី អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នោះ​រួចមក​។ ពិធី​ចែក​អាវរ​ងារ​នា​គ្រានោះ បានធ្វើ​ឡើង​នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ ចាស់ ស្ថិតនៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នា​ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​មានប្រសាសន៍ថា អាវរ​ងារ​ដែលមាន​ចំនួន ៧៧៧​អាវ ត្រូវបាន​នាំយកមក​ចែកជូន​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន មក​គ្រប់​បណ្តា​អង្គភាព​ចំណុះ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ទាំងអស់ នៅក្នុង​ពេលនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ពីលើ​គោល​របប​របស់​កងទ័ព តាមរយៈ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​ផ្តល់ជូន​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០២០​។​   លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​តំបន់សឹក បាន​មានប្រសាសន៍​ទៀតថា សម្តេច​តេ​ជោ បាន​ផ្តាំផ្ញើ កូនច្បង​របស់​សម្តេច គឺ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើយ៉ាងណា​ត្រូវ​នាំយក​អាវរ​ងារ​ទាំងនេះ ទៅ​ចែកជូន​ឲ្យ​ដល់ដៃ​កងទ័ព​ទាំងអស់ ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ដែល​កងកម្លាំង​ទាំងអស់ ចាំបាច់​ត្រូវការ​ប្រើប្រាស់​នៅក្នុង​រដូវ​ចុះ​ត្រជាក់​នេះ ដើម្បី​ទប់ទល់​នឹង​ភាព​រងារ ក្នុង​ក្របខណ្ឌ​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​នៃ​យើង​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​មានប្រសាសន៍​បន្តថា បន្ទាប់ពី​ទទួលបាន​អាវរ​ងារ​ពីស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល នោះមក លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ប្រញាប់​នាំយក​អាវរ​ងារ​ទាំងនេះ មក​ចែកជូន​ដល់​កម្លាំង​ប្រតិបត្តិការ​សឹក មក​គ្រប់​អង្គភាព​ចំណុះ​ទាំងអស់ ដោយ​មិន​ហាន​បង្អង់​យូរ​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​មានចិត្ត​ស្មោះត្រង់ ការពារ​ឲ្យ​បាន​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌ ត្រូវការពារ​នូវ​សន្តិភាព ប្រសិនបើ​គ្មាន​សន្តិភាព​នោះទេ ក៏​គ្មាន​ការអភិវឌ្ឍន៍​ប្រទេស និង​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ ដូច្នេះ កងទ័ព​ទាំងអស់ ត្រូវ​ថែរក្សា​ការពារ​សន្តិភាព​នេះ ឲ្យ​បាន​ដាច់ខាត ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ណែនាំ​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​អនុវត្ត តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល​កម្ពុ​ជា ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដែល​កំពុងតែ​ផ្ទុះឡើង​សារជាថ្មី​ម្តងទៀត នៅ​កម្ពុជា ដូច្នេះ នៅពេល​ធ្វើដំណើរ​ទៅ​ទីជិត ឬ​ទី​ឆ្ងាយ ឬក៏​ស្ថិតនៅ​ទីប្រជុំជន ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ត្រូវ​រក្សា​គម្លាត​យ៉ាងហោច ១​ម៉ែត្រ​កន្លះ ត្រូវ​ឧស្សា​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ជាប់​ជាប្រចាំ ជៀសវាង​ការចម្លង​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត និង​ការចម្លង​ពី​ក្រុមគ្រួសារ ចូលទៅក្នុង​នៅក្នុង​សហគមន៍​ទាំងមូល​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​