ឯកឧត្តម ប៊ុន ចន្ទ័វណ្ណៈ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ លើការងារថែទាំ ស្ថាបនាផ្លូវលំក្រាលគ្រួសអាចម៍ផ្កាយ នៅស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំផ្លូវខួបដោយក្រាលគ្រួសអាចម៍ផ្កាយ ចំនួន ០១ខ្សែ ប្រវែង ១៤,៥០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ. កម្រាស់ ០,២ ម៉ែត្រ និងសាងសង់លូមូលមុខទំហំ ០១ ម៉ែត្រ ប្រវែង ៨ ម៉ែត្រ ចំនួន ០២ កន្លែង ដែលស្ថិតនៅ ភូមិអន្លង់ស្វាយ ឃុំ ព្រះរំកិល ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

គណៈប្រតិភូអន្តរក្រសួងមកពី(ក្រសួងអភិវឌ្ឍន៍ជនបទ-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានពិនិត្យ និង វាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុល និងថែទាំផ្លូវលក្ខណៈខួបតាមគម្រោងដែលមាន៖ ការងារជួសជុលផ្លូវខួបក្រាលគ្រួសអាចម៍ផ្កាយល្បាយ ប្រវែង ១៤,៥០០ម៉ែត្រ ទទឹងខ្នងលើ ០៦ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ និងសាងសង់លូថ្មីចំនួន ២ កន្លែងដែលមានមុខកាត់ ០១ ម៉ែត្រ ប្រវែង០៨ ម៉ែត្រ ។ ដែលជាលទ្ធផល ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ ភាគរយ ។

ឯកឧត្តម ប៊ុន ចន្ទ័វណ្ណៈ ក៏បានបញ្ជាក់ថា÷ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះគឺស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ដូចជា ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានមានប្រសាសន៍បញ្ជាក់ថា ÷ការស្តារ និងកែលម្អផ្លូវលំ តាម ភូមិ ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាង ភូមិ នឹងឃុំ ដែលបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពី ភូមិមួយ ទៅភូមិមួយ នឹង ពីឃុំមួយ ទៅឃុំមួយ ព្រមទាំង ងាយស្រួលដល់ការដឹកជញ្ជូន ដំណាំកសិផលកសិកម្មរបស់ពួកគាត់ ទៅកាន់ទីផ្សារ និង បានបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់ មានជំងឺ ទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជាពិសេសទៀតនោះ ងាយស្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សានៅឯសាលារៀន និងងាយស្រួលដល់បងប្អូនទៅរកសេវារដ្ឋបាលសាធារណៈជាដើម ដែលជាសេវាតម្រូវការមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណៈ បន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវ ស្ពានឈើចំនួន ០២ កន្លែងដែលចាស់ទ្រុតទ្រោម ដើម្បីដាក់ស្នើសុំទៅកាន់រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងជាស្ពានបេតុង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង