សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់!

(សៀមរាប)៖ ខណៈបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំ សម្រាប់ប្រទេសកម្ពុជា តម្រូវឲ្យអាជ្ញាធរសមត្ថកិច្ចគ្រប់ផ្នែកបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅក្នុងចំណោមប្រជាពលរដ្ឋ ។ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងក្នុងផ្សារស្វាយធំ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រាការស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

លោកស្រី សំ សាវ៉ាង បានឱ្យដឹងថា យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងក្រើនរំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរត្រូវ គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅមកនៅតាមដងផ្លូវសាធារណ: ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់រៀងៗខ្លួន។ បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា កើតឡើងស្ទើរជារៀងរាល់ថ្ងៃ ហើយវាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ បានធ្វើឱ្យបាត់បង់ធនធានមនុស្សយ៉ាងច្រើន និងបន្សល់ទុកនូវកុមារកំព្រា ស្រ្តី មេម៉ាយ ជនពិការ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរជាដើម។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះ ក្រុមការងារបានចុះអប់រំ ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវសម្ភារមួយចំនួនដូចជា៖ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៣៥០សន្លឹក , ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៣០០ប័ណ្ណ , អនុក្រឹត្យផាកពិន័យអន្តរការថ្មី ៣០០ សន្លឹក , បិទរូបភាពផ្ទាំងធំ ១០ សន្លឹក និង បិទចំណាំងផ្លាត ម៉ូតូ រ៉ឺម៉ក ចំនួន ១៥ ៕

អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលដោយ លីវ សុខុន