ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ​ ខេត្តកំពង់ធំ

​(ខេត្តកំពង់ធំ)៖ ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​៤ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​, ខេត្តកំពង់ធំ​, ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០៖

១. យើង​តែង​បានលឺ​ពាក្យ​មួយ​ឃ្លា​ពោលថា​៖ “​ខែ​ភ្លៀង​មាន​អាវ​ភ្លៀង ខែរងារ​មាន​អាវ​រងារ​” ឃ្លា​នេះ​គឺជា​ឃ្លា​ដែល​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ នឹក​ចាំ និង​អរគុណ​រៀងរាល់ឆ្នាំ​ជាប្រចាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ​ទាំងអស់​ដែល​ឈរជើង​តាម​បណ្តោយ​ព្រំដែន ក្នុងការ​បំពេញភារកិច្ច​យ៉ាង​អង់អាច​ក្លាហាន យក​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​។​

២. កងកម្លាំងប្រដាប់អាវុធ គឺជា​ដាវ និង ខែល​ការពារជាតិ​ដ៏​រឹងមាំ​សម្រាប់​រារាំង​រាល់​សកម្ម​ភាព​បំ​ផិ្ល​ច​បំផ្លាញ​នានា​ដែល​ប៉ះពាល់​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ និង​ការពារ​សុខសន្តិភាព ដែលជា​សន្តិភាព​ដ៏​ពេញលេញ និង​ទទួល​បានមក​ដោយ​លំបាក ហើយក៏​ជា​ប្ញ​សគល់​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​នាំ​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​ត្រើយ​នៃ​វឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លា​ថែមទៀត​។ ដូច្នេះ ហើយ​សូម​រក្សា​នូវ​គោលការណ៍ និង​ស្មារតី​នឹងនរ ហើយ​ច្បាស់លាស់ ក្នុងការ​ការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សា​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សុខសន្តិភាព​ដែល​យើង​នៅមាន​ពេលនេះ​បានយូរ​អង្វែង​ទៅ​អនាគត​សម្រាប់​បន្សល់ទុក​ជាមរ​តក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

៣. មកដល់ពេលនេះ កម្ពុជា​អាច​គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ ដោយមាន​អត្រា​ឆ្លង​ទាប មាន​ករណី​ជាសះស្បើយ​យ៉ាងច្រើន មិនទាន់មាន​ករណី​ស្លាប់​ក្នុងប្រទេស ហើយក៏​មិនទាន់មាន​យោធិន​ក្នុងប្រទេស​ណា​ម្នាក់​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​ទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​យើង​មិនបាន​ធ្វេសប្រហែស និង​មើលស្រាល​ចំពោះ​ស្ថានការណ៍​ដែល​នៅតែ​បន្ត​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​នេះ​នៅឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប គ្រប់​បណ្តា​កងឯកភាព​ទ័ព និង​ក្រសួង ស្ថាប័ន​នានា ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា​ចំពោះ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

៤. សូម​អរគុណ និង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ជូន​ជាតិ​មាតុភូមិ​ដោយ​បង្ហាញ​នូវ​ភាពម៉ឺងម៉ាត់​នៅក្នុង​ការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារ​បូរណភាព​ទឹកដី ហើយ​បាន​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានការណ៍​គ្រោះមហន្តរាយ​នានា​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​