ប្រសាសន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ

APP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–
(កំពង់ធំ)៖  ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះសំណេះសំណាល​សាក​សួរសុខទុក្ខ​ និង​​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ស​ម្តេ​ចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦ ៦៥០ គ្រួសារ នៅខេត្តកំពង់ធំ។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់គ្រោះអកុសល ដែលមិនអាចគ្រប់គ្រងបាន ដោយទឹកជំនន់ក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៥ ម៉ឺនគ្រួសារ ហើយប្រទេសនៅក្នុងតំបន់អាស៊ាន ០៧ ផ្សេងទៀតក៏ទទួលរងគ្រោះដូចគ្នា។ ប្រឈមនឹងហានិភ័យនៃការបាត់បង់អាយុជីវិតប្រជាពលរដ្ឋច្រើនក្នុងដំណាក់កាលអាសន្ន ដែលមានទឹកហូរបាក់ខ្លាំង អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, កម្លាំងសុខាភិបាល, កម្លាំងប្រជាពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត បានសហការយ៉ាងល្អនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបានលឿន និងមានប្រសិទ្ធិភាពទាន់ពេលវេលា ដោយបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាច្រើន ដែលជាអាទិភាពខ្ពស់បំផុត។ ហើយមកដល់ពេលនេះ ពួកគាត់នៅបន្តអនុវត្តការងារបន្ទាន់ចុះចែកស្រូវពូជនៅគ្រប់ទីកន្លែងរងគ្រោះនៅទូទាំងប្រទេស តាមការប្រគល់ភារកិច្ចរបស់ សម្តេចតេជោ ដែលយកចិត្តទុកដាក់ខ្លាំងបំផុតលើលទ្ធភាពស្តារផលដំណាំឡើងវិញរបស់ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ ខណៈដែលសម្តេចមិនអាចមកចូលរួមដោយផ្ទាល់បានតាមផែនការ ដោយសារការធ្វើចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា គោលការណ៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាងណាកុំឱ្យមានប្រជាជនស្លាប់ដោយសារការអត់បាយ។ ដូច្នេះ នៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឱ្យលឿន និងឱ្យទាន់ពេលវេលាដោះស្រាយបញ្ហាចំពោះមុខឱ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ។ កិច្ចការនេះ សម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ហើយកន្លងមកប្រទេសជាមិត្តជាច្រើន ក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះនេះតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរយើង គឺនៅពេលដែលលំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់នៃសន្តិភាពដូចសព្វថ្ងៃនេះ។ សមិទ្ធផលសន្តិភាពបានបង្កលក្ខណៈ និងផ្តល់លទ្ធភាពឱ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នាដោយអាចធ្វើដំណើរជិតឆ្ងាយទៅគ្រប់ទីកន្លែងដោយសុវត្ថិភាពដើម្បីកិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ។ នេះ គឺជាសារៈសំខាន់នៃការថែរក្សាសុខសន្តិភាព ហើយទោះតិចឬច្រើន លឿនឬយឺតប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការដ៏មានតម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាតទៅមុខដោយឥតរួញរា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតជោ និងរាជរដ្ឋាភិបាលក្នុងកាលកន្លងទៅ និងសូមអរគុណចំពោះការផ្តល់តម្លៃដល់អ្នកដែលបានខិតខំធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេច គឺចង់បានណាស់ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច គឺផ្សារភ្ជាប់ជានិច្ចរវាងទិន្នន័យនៃការរីកចម្រើនទៅនឹងការរីកចម្រើនជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំបានដោយសារប្រជាពលរដ្ឋ។ “ការអភិវឌ្ឍសេដ្ឋកិច្ច” អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង “ការធ្វើឱ្យប្រជាជនមានបាន” គឺជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍប្រទេសតាមទស្សនវិស័យរបស់សម្តេចតេជោ។ ដូច្នេះ សូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឱ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។

ឯកឧត្តមបណ្ឌិត ក៏បានអរគុណ ដល់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសន្តិភាព ដែលស្វែងរកបានដោយលំបាកបំផុត។ ថ្ងៃនេះយើងបានរួមគ្នា ដោយគ្មានការបែងចែក ដើម្បីបំពេញកិច្ចការក្នុងបុព្វហេតុប្រជាជន នៅក្រោមដំបូលនៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។ ការរួបរួមគ្នានេះហើយ ដែលជាកត្តាថែរក្សានិរន្តរភាពនៃសន្តិភាពឱ្យបានយូរអង្វែង។ យើងអាចមានទស្សនៈខុសគ្នា ប៉ុន្តែក្នុងវេលាអាសន្ននេះ យើងត្រូវទុកការខុសគ្នាមួយឡែក ដោយត្រូវរួមគ្នាតំកល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ នេះទើបហៅថា ជាខ្មែរដែលស្រឡាញ់ជាតិ។ សម្តេចបានបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ហើយក៏ចង់ឃើញណាស់ ដែលខ្មែររួមគ្នាថែរក្សាសមិទ្ធផលសន្តិភាពនេះ រហូតរាប់រយឆ្នាំទៅមុខ កុំឱ្យបាត់បង់ដូចក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់យើងទៀត។

ឆ្លៀកនាឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយការជួបជុំថ្ងៃនេះ គឺមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តផ្សេងៗ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងការផ្តល់កិត្តិយសចូលរួមរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលបង្ហាញអំពីស្មារតីរួបរួមសាមគ្គីនៃការជួយយកអាសារគ្នាក្នុងពេលចាំបាច់ ពេលដែលប្រជាពលរដ្ឋកំពុងត្រូវការ។ ក្នុងថ្ងៃនេះ យើងរួមគ្នាប្រគល់ស្រូវពូជដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដើម្បីការស្តារឡើងវិញ ដែលជាការជួយពិតជាក់ស្តែង ជាការឈឺឆ្អាលពិតប្រាកដ និងដោយសុទ្ធចិត្ត៕ ដោយ៖ កន ចំណាន