ប្រសាសន៍​សំខាន់ៗ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ​

(​ត្បូងឃ្មុំ​)៖ ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​២ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ត្បូងឃ្មុំ​, ខេត្ត​ត្បូងឃ្មុំ​, ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០៖

១. សូម​នាំមក​នូវ​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កង​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​របស់​ខ្លូន​យ៉ាង​អង់អាច​ក្លាហាន យក​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ទី​២​។​

២. សូម​បន្ត​នូវ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះ​ម​ហ​ក្សត្រ និង​ការពារ​សុខសន្តិភាព​ដ៏​ស្រស់បំព្រង​ដែល​កំពុង​គ្រប់​ដណ្តប់​លើ​ប្រទេស​យើង​នាពេលនេះ ហើយ​ចូលរួម​ក្នុងការ​ទប់ស្កាត់​នូវ​រាល់​ការ​បំផុសបំផុល​អកុសល​នានា​ដែល​នាំមក​នូវ​អស្ថិរភាព និង​អសន្តិសុខ ពី​សំណាក់​អ្នកនយោបាយ​មួយចំនួន​ដែល​បន្តម​ហិ​ច្ឆិ​តា​ឥតឈប់ឈរ​ក្នុងការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព អភិវឌ្ឍន៍ និង​សុខដុម​នី​យ​ភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ សូម​បន្ត​អនុវត្ត​តួនាទី​ចម្បង​ជា​កងកម្លាំងប្រដាប់អាវុធ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​ការការពារ​បូរណភាព​ទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជា​នៅក្នុង​ការជួយ​សង្គ្រោះ​អំ​ទ្បុ​ង​ពេល​មាន​គ្រោះមហន្តរាយ​នានា ជាអាទិ៍​ពេលនេះ​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ក្លាយជា​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ និង​កាច​សាហាវ ដែល​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​យើង​កំពុង​ជួបប្រទះ​។ ដូច្នេះហើយ​សូម​បន្ត​នូវ​ការត្រៀម​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត​ចាប់តាំងពី​កម្រិត​បុគ្គល ក្រុម រហូតដល់​អង្គភាព និង​សហគមន៍​ទាំងមូល ដោយ​មិនត្រូវ​ព្រងើយកន្តើយ​សូម្បីតែ​ជាមួយនឹង​ជម្ងឺ​ផ្តាសាយ​ធម្មតា ដើម្បី​ភាពជោគជ័យ​ក្នុងការ​ហែល​ឆ្លង​នូវ​កាលៈទេសៈ​នេះ​។

៣. ចាប់តាំងពី​ជម្ងឺ​កូ​វីដ​-១៩ រីក​រាលដាល​លើ​ពិភពលោក​រយៈកាល​ជាង​១០​ខែ​កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​គ្រប់គ្រង​នូវ​ស្ថានការណ៍​មិន​ឲ្យ​មានការ​ផ្ទុះ​រីក​រាលដាល​នៅ​ទូទាំងប្រទេស​ឡើយ​។ លទ្ធផល​ដែល​សម្រេចបាន​មកនេះ គឺ​ដោយសារ​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​-១៩ រួមជាមួយ​ក្រសួងសុខាភិបាល ព្រមទាំង​ក្រសួង មន្ទីរ និង​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ទូទាំង​រាជធានី ខេត្ត​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​បាន​ចូលរួម​ជ្រោមជ្រែង សហការ ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ហ្មត់ចត់​នានា ដើម្បី​ធានា​នូវ​សេច​កី្ត​សុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង​រហូតដល់​ថ្ងៃនេះ​។ តែ​ទន្ទឹមនឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ យើង​ក៏​មិនត្រូវ​ថយ​នូវ​ការប្រុងប្រយ័ត្ន ព្រោះ​ជម្ងឺ​នេះ​មិនទាន់​បាត់​រលត់​ពី​ផែនដី​នៅ​ទ្បើ​យ​ទេ ហើយ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​កំពុងតែជួបប្រទះ​នូវ​ការរីក​រាលដាល​ទ្បើង​វិញ ដូច្នេះហើយ​ដើម្បី​រក្សា​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់ ស​មេ្ត​ច​តេ​ជោ លោក​បាន​អំពាវនាវ​អោយ​បន្ត​រឹតបន្តឹង​ការអនុវត្ត​នូវ​វិធាន​សុខាភិបាល​នានា​តាម​ទីកន្លែង​សាធារណៈ​ក៏ដូចជា​ឯកជន ហើយ​បន្ថែម​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​ថែរក្សា​សុខភាព​អោយបាន​ល្អ​របស់​បុគ្គល ក៏ដូចជា​ក្រុម ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ​។​

៤. សូម​អរគុណ និង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​រប​ស់​យើង​ទាំងអស់​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​២ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​និង​បង្ហាញ​នូវ​ភាពម៉ឺងម៉ាត់​នៅក្នុង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព ការពារ​បូរណភាព​ទឹកដី និង​ការសហការ​ជាមួយ​ភាគី​មិត្ត​។ ហើយ​លើសពីនេះទៅទៀត​ក៏បាន​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ហេតុការណ៍​នានា រួមទាំង​ដំណាក់កាល​នៃ​ការការពារ​ការរីក​រា​ល​ដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​