ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប អះអាងថា ទីតាំងខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការចុះឃ្លាំមើលគ្រប់បណ្តាមណ្ឌលកំសាន្តជាង ៤០កន្លែងនៅក្រុងសៀមរាប កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដូចជា ៖ ទីតាំងខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់ហើយ ដែលសកម្មភាពនេះ គឺជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្មី ( ៣ វិច្ឆិកា ) ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្អាកអាជីវកម្មក្លឹបកម្សាន្តនេះ គឺជាការគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល និងយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ រួមទាំងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល ដែលជាចំណាត់ការថ្មី ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ខណៈអាជ្ញាធរខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តភ្លាមៗ នូវសេចក្តីជូនដំណឹងរបស់ក្រសួងជំនាញ ក្រោមការចេញបទបញ្ជាដោយគណ:បញ្ជាការឯកភាពខេត្ត ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្ថែមថា ក្នុងកាល:ទេស:នេះ គឺតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ ដូច្នេះអាជ្ញាធរខេត្តសៀមរាប សង្ឃឹមថា ចាប់ពីពេលនេះទៅ ពុំមានក្លឹបកម្សាន្តណាមួយ បំពានបំរាមបណ្តោះអាសន្ននេះឡើយ ហើយក៏មានជំនឿដែរថា ប្រតិបត្តិករ ម្ចាស់ក្លឹបកម្សាន្តទាំងអស់ ពិតជាយល់ព្រមនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់ មិនធ្វើឲ្យមណ្ឌលកម្សាន្តរបស់ខ្លួន ក្លាយជាមណ្ឌលចម្លងកូវីដ-១៩ បង្កឲ្យមានហានីភ័យក្នុងសហគមន៍នោះឡើយ ៕

អត្ថបទ និងរូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលដោយ លីវ សុខុន