ស្រូវពូជចំនួន១៧១ តោន និងពូជបន្លែ ត្រូវបានចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង ចំនួន ១,៧១០ គ្រួសារ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន ១៧១តោន និងពូជបន្លែជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំងចំនួន ១,៧១០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីតាមមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមជម្រាបជូនបន្ថែមថា៖ ប្រជាពលរដ្ឋ ចំនួន១.៧១០គ្រួសារ ដោយក្នុងនោះមកពីស្រុកបរិបូណ៌ចំនួន ២២៥ គ្រួសារ ស្រុកជលគីរី ចំនួន ៥៦៧ គ្រួសារ ស្រុកកំពង់លែងចំនួន ១៥២ គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន ៣២២ គ្រួសារ ស្រុករលាប្អៀរចំនួន ៤១៤ គ្រួសារ និងក្រុងកំពង់ឆ្នាំងចំនួន ៣០ គ្រួសារ ដោយមួយគ្រួសារទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕