សម្តេចក្រឡាហោម ស ខេង អញ្ជើញផ្តល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋ ៣.៥០០គ្រួសារនៅ ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋមានការខ្វះខាតក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅសាលាខេត្តព្រៃវែងដល់ប្រជាពលរដ្ឋចំនួន ៣,៥០០ គ្រួសារ។

ក្នុងនោះលោក សួន សុម៉ាលីន អភិបាលរងខេត្ត បានធ្វើរបាយការណ៍អំពីផលប៉ះពាល់នូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុង/ស្រុក។

លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។

នៅក្នុងឱកាសនោះដែសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បានថា ការជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ គឺស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការងារបង្កបង្កើនផលឡើងវិញ។

សម្ដេចមានប្រសាសន៍ថា ការផ្តល់ពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។

សម្ដេចបានមានប្រសាសន៍ថាបច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើននេះ ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច។

សម្ដេចក្រឡាហោម ក៏ណែនាំដល់អាជ្ញាធរ ត្រូវអនុវត្ត នៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនបងប្អូនប្រជាពរដ្ឋនៅតាមមូលដ្ឋានធ្វើយ៉ាងណា ឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ ក្នុងមួយគ្រួសារទទូលបានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

សម្រួលផ្សាយ៖ កន ចំណាន