នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នឹងធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​

(​កំពង់ឆ្នាំង​)៖ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នឹង​រៀបចំ​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន និង​អង្គភាព​ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​មេត្តា​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ដែលមាន​នៅក្នុង​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ទំនាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយៈពេល ១៥ ថ្ងៃ​(​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​) គិត​ចាប់ពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ជា​កំហិត ស្ថិតនៅក្នុង​សាលា​បុណ្យ​លាភ ស្ថិតនៅ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ផុតកំណត់​ខាងលើ​គណៈកម្មការ​សន្ម​ត់​ថាៈ ទិន្នន័យ​ដែល​បាន​បើកចំហ​ជូន​ពិនិត្យ​ជា​សាធារណៈ​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​មិនអាច​ជំទាស់​តវ៉ា​នៅពេល​ក្រោយ​បាន​ទៀតឡើយ​។​

​សូមបញ្ជាក់ថា​៖ ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ​គណៈកម្មការ​រដ្ឋបាល​និង​ធ្វើការ​បូកសរុប និង​លើកសំណើ​ទៅ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​សម្រេច​បញ្ជូន​ឲ្យ​រដ្ឋបាល​សូ​រិ​យោ​ដី​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​អ្នកកាន់កាប់​ណា​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តាមច្បាប់​។​

​គណៈកម្មាធិការ​រដ្ឋបាល​នឹងដាក់​ទីតាំង​បណ្ដោះអាសន្ន​នៅ​កន្លែង​បិទ​ស្រាយ​ដើម្បី​ចាំ​ទទួល​ពិគ្រោះ និង​ផ្ដល់យោបល់​ដល់​អ្នក​ដែលមាន​សំណូមពរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​