ឯកឧត្តម ញ៉ែម សច្ចៈ ចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រ កំពុងជួបការលំបាកខ្វះខាតជីវភាព

ស្រុកបាធាយ៖ ព្រឹកថ្ងៃ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ញ៉ែម សច្ចៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង លោក ភេន សុផល អភិបាលនៃគណ: អភិបាលស្រុកបាធាយ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រី អាជ្ញាធរមូលដ្ឋានបានចែកអំណោយមានអង្ករ គ្រឿងឧបភោគបរិភោគ ជូនគ្រួសារក្រីក្រកំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នៅក្នុងភូមិក្រដាស់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមចំនួន១២៥គ្រួសារ។

ក្រោយពីបានស្តាប់របាយការណ៍របស់ លោក សុខ ក្រិត មេឃុំតាំងក្រសាំង និង លោក ភេន សុផលអភិបាលនៃគណ:អភិបានស្រុកបាធាយ ស្តីពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីអត្តសញ្ញាណកម្ម ក្នុងឃុំរួចមក ឯកឧត្តមបានធ្វើការសំណេះសំណាល និងសាកសួរយោបល់អ្នកចូលរួមប្រជុំទាំងអស់ ១២៥នាក់ ដែលពួកគាត់គឺជាតំណាងឱ្យគ្រួសារទាំងអស់ ក្នុងឃុំដែលកំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សច្ចៈ ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ជាប្រមុខដឹកនាំ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅមូលដ្ឋានឱ្យបន្តចូលរួមអនុវត្តដោយខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់និងជៀសវាងឱ្យបាននូវការចម្លងមេរោគកូរ៉ូណានៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ទន្ទឹមនោះ សមាជិកម្នាក់ៗ និងគ្រួសារនីមួយៗដោយមានការគាំទ្រពីក្រុមការងារទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពុះពារជំនះរាល់ការលំបាកខ្វះខាតសព្វបែបយ៉ាង ដែលជាផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ ដើម្បីចូលរួមចំណែកក្នុងការរក្សាស្ថិរភាព និងប្រក្រតីភាពនៃជីវភាពរស់នៅក្នុងសហគមន៍មូលដ្ឋាន៕