ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ខេត្តស្ទឹងត្រែង​

(​ស្ទឹងត្រែង​) ៖ ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨,
​ខេត្តស្ទឹងត្រែង​, ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០៖

១. សូម​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កង​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​របស់​ខ្លូន​យ៉ាង​អង់អាច​ក្លាហាន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ទី​១​។​

២. សូម​បន្ត​រក្សា​ស្មារតី​សេ្ន​ហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សុខសន្តិភាព​អោយបាន​ស្ថិតស្ថេរ​យូរអង្វែង ហើយ​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​បុព្វបុរស​ជំនាន់​មុនៗ​បាន​បង្កើត​និង​បន្សល់​ទុកអោយ​ជំនាន់​ក្រោយ​។ សុខសន្តិភាព ប្រៀបបាន​ទៅនឹង​ខ្យល់​ដង្ហើម​ដែល​មនុស្ស​ទាមទារ​ជា​ចាំបាច់​ក្នុងការ​រស់រានមានជីវិត ព្រោះថា​សង្គ្រាម ការបាក់​បែក នឹង​ចូលខ្លួន​មក​ជំនួស​បើ​អវត្តមាន​សន្តិភាព ដូច្នេះ​សូម​កងកម្លាំងប្រដាប់អាវុធ​ដែលជា​កម្លាំង​ជួរមុខ បន្ត​ការពារ និង​ថែរក្សា​នូវ​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ​អោយបាន​គង់វង្ស​។​

៣. ទោះបីជា​រាជ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​រក្សា​នូវ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​អត្រា​នៃ​ការរីក​រាលដាល​របស់​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​ទូទាំង​ផ្ទៃ​ប្រទេស​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​មិនអាច​ធ្វេសប្រហែស​ចំពោះ​ជម្ងឺ​នេះ​ទ្បើ​យ ព្រោះថា​អត្រា​កើន​ទ្បើ​ន​នៃ​ការរីក​ដាល​នៅតាម​បណ្តា​ប្រទេស​នានា​នៅតែ​បន្ត ដោយសារ​កើត​ទ្បើង​នូវ​ភាព​ធូររលង់​មួយរយៈ​ពេល​ខ្លី​។ ដូច្នេះហើយ សម្តេច​តេ​ជោ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន និង​រឹតបន្តឹង​ការអនុវត្ត​នូវ​វិធាន​សុខាភិបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​ថែរក្សា​សុខភាព​អោយបាន​ល្អ ជាពិសេស​នៅក្នុង​រដូវ​ត្រជាក់​នេះ បើ​មាន​ជម្ងឺ​ផ្តាសាយ​កើត​ទ្បើង សូម​ធ្វើការ​រូតរះ​ទៅ​មន្ទី​ពេទ្យ ដើម្បី​ចៀសវាង​ពី​ការឆ្លង​ដល់​បុគ្គល ហើយ​ចម្លង​បន្តទៅ​អ្នកដទៃ​ជុំវិញខ្លួន និង​អង្គភាព ប្ញ សហគមន៍​ទាំងមូល​។ ជម្ងឺ​នេះ​គឺជា​គ្រោះថ្នាក់​ចំពោះមុខ ហើយ​ថែមទាំង​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​អាយុជីវិត​យើង​និង​ក្រុមគ្រួសារ ក៏ដូចជា​ជនរួមជាតិ​ទាំងមូល ក្នុងន័យនេះ​សូម​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​សហការ និង​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ការពារ​មិន​ឲ្យ​មាន​ការរីក​រាលដាល​កើត​ទ្បើង ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុងប្រទេស​របស់​យើង​។​

៤. សូម​អរគុណ និង​កោតសរសើរ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​បងប្អូន​ចំពោះ​ការបំពេញភារកិច្ច​ជា​យោធិន ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ដោយ​ភាព​សហការ អំណត់​អត់ធន់ រួមជាមួយ​ភាព​ម៉ឺ​ម៉ាត់​ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ធានាបាន​នូវ​សន្តិសុខ និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន និង​សូម​កោតសរសើរ​ចំពោះ​ការការពារ​មិន​ឲ្យ​មាន​ការរីក​រាលដាល​នូវ​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​ក្នុង​អង្គភាព និង​គ្រួសារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​យើង​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​