រដ្ឋបាលខេត្ត​កំពង់ធំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​អាណត្តិ​ទី​៣ ប្រចាំឆ្នាំ​២០២០ នៅ​ស្រុក​តាំងគោក​

(​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ២០២០​នេះ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុក ហៃ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​គណ​:​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ប្រចាំឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​សាលាស្រុក​តាំងគោក ។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើងថា វេទិការ​នាពេលនេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្ដល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​បព្ចោញ​មតិ​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្ដីកង្វល់ សំណូមពរ និង​តំរូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ និង​ឆ្លើយតប​រាល់​តំរូវការ ព្រមទាំង​សំណូមពរ​ដែល​បានលើកឡើង​បាន​ចំ​គោលដៅ​ទាន់ពេលវេលា ក្នុងការ​កែលំអរ​ក្នុង​សហគមន៍​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ លើ​ការអភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឲ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​នៃ​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម សុក ហៃ អភិបាលរង​ខេត្ត បាន​សំណូមពរ​អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ត្រូវតែ​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រ​ទៈ​ដូចជា ការផ្តល់​សេវាសាធារណៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ ,​ការងារ​អត្រានុកូលដ្ឋាន ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណ​: និង​សំណង់ បរិស្ថាន​អនាម័យ ,​បទល្មើស​នេសាទ និង​ទំនាស់​ដីធ្លី អោយបាន​ឆាប់រហ័ស​។​

​ជា​ចុងក្រោយ ឯកឧត្តម ឈុន ឈន់ ក៏បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ល្អ ហើយ​ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​។ ម្យ៉ាងវិញទៀត សូម​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ជឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​ឱ្យបាន​ស៊ីជម្រៅ​ដល់​ស្រទាប់​មហាជន​ក្នុង​មូលដ្ឋាន ពិសេស​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់ ការពារ​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​១៩​។

​សូមបញ្ជាក់ថា រាល់​សំណូមពរ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បានលើកឡើង​អំពី​សំណូមពរ​មួយចំនួន និង​ឆ្លើយតប​នូវ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏មាន​ការពន្យល់​បក​ស្រាយ និង​ដោះស្រាយ​ពី​គ្រប់​បណ្ដា​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់យ៉ាង​ផុសផុល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​