អ្នកឆ្លងវីរុស កូវីដ១៩ ទូទាំងពិភពលោក កើនជាង៥១.២ លាននាក់ ពោលគឺត្រឹមតែ២៤ម៉ោង មានអ្នកឆ្លងថ្មីជាង ៤៥ម៉ឺនករណី

APP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៥១,២០៩,៨៩០ករណី ហើយក្នុងនោះមនុស្សសរុប ១,២៦៨,៤០៤នាក់ស្លាប់ និងជាង ៣៦លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៥៨,៤១៦ករណី និងជាង ៦ពាន់នាក់ស្លាប់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥១លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ១០.៤លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៤៣,៧៣៧នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជាង ១១ម៉ឺនករណី និង ៥៨៣នាក់ស្លាប់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន