អាជ្ញាធរ​ខេត្តព្រៃវែង ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២០

(​ព្រៃវែង​)៖​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ព្រៃវែង រួម​ជាមួយនឹង​មន្ទីរ​អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ កងកំលាំង​ទាំងបី អាជ្ញាធរ​ក្រុង​ស្រុក​ទាំង ១៣ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តព្រៃវែង បានរៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត ដែល​ពិធី​នេះ​ធ្វើ​នៅ​សាលាខេត្ត​ព្រៃវែង​។​

​នៅក្នុង​ឱកាស​នោះដែ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មានប្រសាសន៍​លើកឡើងថា ថ្ងៃនេះ​គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំងស្រុង​ចេញពី​អាណានិគម​ន៍​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ ដ៏​ក្លៀវខ្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម​សីហនុ​។ ប្រទេស​បារាំង បានដាក់​អាណានិគម​ន៍​លើ​ដែនដី​សុវណ្ណ​ភូមិ​កម្ពុជា​យើង អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ (១១ សីហា ១៨៦៣ -៩ វិច្ឆិកា ១៩៥៣)​។ ការដាក់​អាណានិគម​ន៍​របស់​បារាំង​លើ​ដែនដី​កម្ពុជា ក៏ដូចជា បណ្តា​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ី​។

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា បាន​បន្តទៀតថា​៖ នេះ​គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា របស់​ប្រជា​ជាតិខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ចំពោះ​ព្រះ​វិញ្ញាណ​ខ័​ន្ត​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ដឹកនាំ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរៈ​កុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដោយបាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួមមាន​ការ តស៊ូ​ដណ្តើម​ឯករាជ្យ ការពុះពារ ឆ្លងកាត់​ដំណាក់កាល​នៃ​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាស្ត្រ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់យ៉ាង ដូច​បច្ចុប្បន្ននេះ​។​

​ឯកឧត្ដម ប្រធាន​ក្រុមប្រឹក្សា បាន​បន្ថែមទៀតថា ដូច្នេះ​ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា​នេះ សូម​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ សូម​បន្ត​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថែរក្សា​រាល់​សមិទ្ធផល របស់​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន​រុងរឿង ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង​រួបរួម​ក្នុង​មហា​សាមគ្គី​ជាតិ​ដ៏​ទូលំទូលាយ ដោយ​គ្មាន​ការកើតឡើង​ជាថ្មីទៀត នូវ​សង្គ្រាម​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដូច​អតីតកាល​។​

​ឯកឧត្ដម ប្រធាន​ក្រុមប្រឹក្សា រួមជាមួយ​រដ្ឋបាលខេត្ត មន្ទីរ​អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ កងកំលាំង​ទាំងបី អាជ្ញាធរ​ក្រុង​ស្រុក​ទាំង ១៣ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តព្រៃវែង សូម​សម្ដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​នឹង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ អតីត​ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី នឹង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​ប​ញ្ញ​ញា្ញ​ណ​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​នាំមក​នូវ​សន្តិភាព ផ្សះផ្សា​ជាតិ ភាព​ចម្រុងចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ​កម្ពុជា និង​ប្រជារាស្ត្រ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​