ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​១៩៥៣- ៩​វិច្ឆិកា​ឆ្នាំ​២០២០

(រតនគិរី)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខេត្តរតនគិរី បានរៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​។

​ពិធី​ជា​ប្រវត្តិសាស្ត្រ នេះ​ប្រារព្ធ​ធ្វើឡើង​នៅ វិមាន​ស្តូប​មិត្តភាព​អនុស្សាវរីយ៍​កម្ពុជា​-​វៀតណាម ស្ថិតនៅ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក្រោម​វត្តមាន​ចូលរួម ពី​ឯកឧត្តម​ថង សាវុន អភិបាលខេត្ត​ព្រមទាំង​មាន​
​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​លោកជំទាវ​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក​ទាំង​៩ លោក លោកស្រី​ប្រធាន​មន្ទី​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ យុវជន និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ផងដែរ​។ ថ្លែង​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ថង សាវុន មានប្រសាសន៍​លើកឡើងថា ថ្ងៃនេះ​គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា ​របស់​ប្រជា​ជាតិខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ចំពោះ​ព្រះ​វិញ្ញាណ​ខ័​ន្ត​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ដឹកនាំ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរៈ​កុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កង​​យោធពលខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដោយបាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ របស់​ប្រទេសជាតិ រួមមាន​ការ តស៊ូ​ដណ្តើម​ឯករាជ្យ​ការពុះពារ​ឆ្លងកាត់​ដំណាក់កាល​នៃ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់យ៉ាង ដូច បច្ចុប្បន្ននេះ​។​

​ដូច្នេះ​ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា​នេះ សូម​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ សូម​បន្ត​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថែរក្សា​រាល់​សមិទ្ធផល របស់​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីក ចម្រើន​រុងរឿង ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង​រួបរួម​ក្នុង​មហា​សាមគ្គី​ជាតិ​ដ៏​ទូលំទូលាយ ដោយ​គ្មាន​ការកើតឡើង​ជាថ្មីទៀត នូវ​សង្គ្រាម​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដូច​អតីតកាល​។​

​ឯកឧត្តម បន្ថែមទៀតថា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ បាន​ឆ្លុះបញ្ចាំង ពី​ជោគជ័យ​ក្នុង​កម្លាំង​មហា​សាមគ្គី របស់​ប្រជា​ជាតិខ្មែរ​យើង​ទាំងមូល ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ​ប្រកបដោយ​ភាពបត់បែន នៃ​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​ជាច្រើន ជាពិសេស ឆ្លងកាត់​រយៈពេល ៦៧​ឆ្នាំកន្លងមក រហូតដល់​បច្ចុប្បន្ននេះ គឺ​នៅតែ​រក្សាបាន​នូវ​អត្ត​
​សញ្ញាណ​ជា​កម្លាំងប្រដាប់អាវុធ របស់​ជាតិ​កម្ពុជា ជា​កងយោធពល​ខេមរភូមិន្ទ​ដ៏​អង់អាច​ក្លាហាន ដែល​ប្រសូត្រ​ចេញពី​ប្រជាជន ដើម្បី​ប្រជាជន និង​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​ការតស៊ូ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន អ្វីៗ​ទាំងអស់​ដើម្បី​បម្រើ ឧ​ត្ត​ម​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ជា​ដរាប​តរៀងមក និង​យូរអង្វែង​ផងដែរ​៕
ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​