លោកជំទាវបណ្ឌិត សឿ សុជាតា អញ្ជើញជួបសំណេះសំណាល និងពិនិត្យតាមដានការរៀននិងបង្រៀនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យចំនួន០២ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ នៅថ្ងៃទី៧ ខែ វិចិ្ឆកា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យតាមដានការរៀននិងបង្រៀន លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅវិទ្យាល័យចំនួន០២ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមានសិស្សានុសិស្ស ថ្នាក់ទី១២ចូលរួមសរុប ៣៥៦នាក់ ព្រមទាំងការពិនិត្យអណ្តូងទឹកខ្នាតធំ និងកន្លែងលាងដៃតាមស្តង់ដាសុវត្ថិភាពនៅអនុវិទ្យាល័យត្រពាំងចាន់។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត សឿ សុជាតា បាននាំយក ហាតឌីសផ្ទុកឯកសារមេរៀនសង្ខេប បណ្តុំវិញ្ញាសា និងកំណែវិញ្ញាសាឆ្នាំ២០១៧-២០១៩ ថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន០២គ្រឿងជូនវិទ្យាល័យទាំង២ និងបាននាំយកអំណោយចង្កៀងសូឡា ២០០វ៉ាត់ ជូនដល់វិទ្យាល័យបរិបូណ៌ខាងត្បូងចំនួន១០ អំពូល និងវិទ្យាល័យ ហ៊ុន សែនបរិបូណ៌១០អំពូល និងអនុវិទ្យាល័យត្រពាំងចាន់ ០៧អំពូល។

បន្តមកលោកជំទាវបណ្ឌិត ក៏បានចុះពិនិត្យតាមដានទំនាក់ទំនងរវាងសាលារៀនជាមួយក្រុមហ៊ុនគម្ពីរ លើការចែកជាវកុំព្យូទ័រយួរដៃតាមទម្រង់បង់រំលោះជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស តម្លៃ១៤០$/គ្រឿង ដើម្បីពង្រឹងសមត្ថភាពផ្នែកឌីជីថលស្របតាមការវិវត្តនៃយុគសម័យសត្តវត្សទី២១ និងបានមកពិនិត្យអណ្តូងទឹក និងកន្លែងលាងដៃតាមស្តង់ដារដែលបានផ្តល់ជូនអនុវិទ្យាល័យត្រពាំងចាន់។

លោកជំទាវបណ្ឌិតក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការទប់ស្កាត់កុំឱ្យកើតមានជំងឺកូវីដ១៩ក្នុងសាលា គ្រួសារ និងសហគមន៍របស់យើង ៕