ឯកឧត្តម គិត ទ្រី៖ ពិព័រណ៌ផលិតផលខ្មែរ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផល ក្នុងស្រុក ឲ្យកាន់តែទូលំទូលាយ

(រតនគិរី)៖ មានប្រសាសន៍នៅក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០ ដែលមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី សហការជាមួយនឹងរដ្ឋបាលខេត្តប្រារព្ធរៀបចំឡើងនាទីក្រុងបានលុង នៅព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទីខេត្តរតនគិរី ចាត់ទុកពិព័រណ៌ផលិតផលខ្មែរគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយ និងការប្រើ ប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងភ្ញៀវទេសចរ ចូលរួមចំណែកក្នុងការ លើកស្ទួយផលិតផល និងកសិផលខ្មែរ ហើយកសិករ សិប្បករ ជាអ្នកផលិត ត្រូវរៀបចំផលិតផលរបស់ខ្លួនប្រកបដោយអនាម័យ មានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារ មានអត្តសញ្ញាណច្បាស់លាស់ ជៀសវាងការយកផលិតផលបរទេសមកកែច្នៃ ឬបន្លំធ្វើជារបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ផលិតផលដើម។ ហើយតាមរយៈពិព័រណ៌នេះ ឯកឧត្តមអភិបាលខេត្តស្តីទី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងភ្ញៀវទេសចរ ពិតជានឹងចូលរួមក្នុងការប្រើប្រាស់ផលិផលខ្មែរអោយយ៉ាងច្រើនកុះករជាក់ជាមិនខាន ។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ នាឱកាស យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ ២០២០ក្នុងខេត្តរតនគិរីនាពេលនេះ បានបញ្ជាក់ថា ការតាំងពិព័រណ៌ផលិតផលខ្មែរនាពេលនេះ គឺជាលើកទី៥ហើយដែលក្រសួង បានរៀបចំធ្វើឡើង ដើម្បីជំរុញការប្រើប្រាស់ផលិតផល ក្នុងស្រុក។ កន្លងមក ប្រជាពលរដ្ឋខ្មែរមួយ
ចំនួន តែងតែយល់ថា ដំណាំ ឬផលិតផលកែច្នៃមួយចំនួន គឺនាំចូលពីបរទេស ខ្មែរមិនអាចធ្វើបាន ដែលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផលិតផល និងកសិផលរបស់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការរៀបចំពិព័រណ៌នៅពេលនេះ ពិតបានបង្ហាញ យ៉ាងច្បាស់ថា ប្រជាកសិករ និងសិប្បករខ្មែរ ពិតជាមានការផ្គត់ផ្គង់ទីផ្សារនូវផលិតផលខ្មែរដ៏មានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារអនាម័យ។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម គឺជាអ្នកបើកច្រកទីផ្សារសម្រាប់ផលិតផលខ្មែរមែន តែសុំឲ្យពាណិជ្ជករ និងសិប្បករ ត្រូវចេះកែច្នៃផលិតផលខ្លួន ឱ្យមានលក្ខណ:ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារសុវត្ថិភាព សម្រាប់ការនាំចេញទៅក្រៅប្រទេស។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើផងដែរដល់ពាណិជ្ជករ អាជីវករ គួរចាប់ដៃជាមួយកសិករ និងសិប្បករ ដើម្បីបង្កើនការផលិតធ្វើការវេចខ្ចប់ កែច្នៃផលិតផលខ្មែរឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងអាចនាំចេញទៅទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ ២០២០នេះមានការចូលរួមពីបណ្តាខេត្តនានាមួយចំនួនហើយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ(៧-៩ វិច្ឆិកា)តាមបណ្តោយផ្លូវមហាវិថី នាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ជាប់នឹងសួនកុមារ ជិតសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លង់ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានស្តង់ លក់ដូរចំនួន៥១ស្តង់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី