សប្បុរសជន​នានា នៅតែ​បន្ត​បរិច្ចាគ​ធនធាន​របស់ខ្លួន​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

(​ខេត្តកណ្តាល​)៖ លោកស្រី ធី​សុវណ្ណ​ថា រួមជាមួយ សប្បុរសជន​នានា ជាច្រើន​ទៀត​បាន​នាំយក អំណោយ​មនុស្សធម៌ ផ្តល់ជូន​រដ្ឋបាលខេត្ត​កណ្តាល ដើម្បី​ឆ្លើយតប ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល​។ ដែល​ពិធី​ប្រគល់​និង​ទទួល​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​កណ្តាល កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែវិច្ឆិកា ម្សិលមិញ​នេះ​។​

​គួរ​បញ្ជាក់ថា​៖ អំណោយ​ដែល​រដ្ឋបាលខេត្ត​ទទួលបាន ពី​សប្បុរសជន​នាពេលនេះ​រួមមាន​៖ អង្ករ​៦​តោន ភួយ​៥០០ តង់​៥០ ទឹកបរិសុទ្ធ​៤០០​យួរ ប្រហុក​ផ្អក​១៥០​កែវ និង​ប្រេងឆា​ចំនួន​២៧០​ដប​។​

​តាងនាម​រដ្ឋបាលខេត្ត​កណ្តាល ឯកឧត្តម គង់​សោ​ភ​ណ្ឌ័ អភិបាល​ខេត្តកណ្តាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី ធី​សុវណ្ណ​ថា រួមជាមួយ​សប្បុរសជន​នានា ដែល​បានផ្តល់​អំណោយ ជូន​រដ្ឋបាល​ខេត្តកណ្តាល ហើយ​ដែល​ប្រការនេះ​គឺជា​កាយវិការ ដ៍​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បានឡើយ គឺ​ចេះ​ចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក​។​

​ឯកឧត្តម​អភិបាលខេត្ត​សន្យាថា​និង​យក​អំណោយ​សប្បុរសធម៌​នេះ ប្រើប្រាស់​អោយចំ​ទិសដៅ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ជំនន់​ទឹកភ្លៀង ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​អ្វី​ឡើយ​៕ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​