គម្រោងអភិវឌ្ឍធំៗ ចំនួន៣ ក្នុងខេត្តសៀមរាប ជាគន្លឺះសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ខាងមុខ

សៀមរាប៖ គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប រួមមាន: ព្រលានយន្តហោះអន្តរជាតិថ្មី, ផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មី ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ ដែលនេះជាខ្លឺមសារសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត រួមនិងវត្តមានថ្នាក់ដឹកនាំ តំណាងស្ថាប័ន មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក ជុំវិញខេត្តផងដែរ។

លើកឡើងក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងខេត្ត បានបង្ហាញថា ពីមោទកភាពចំពោះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលបានចូលរួមយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់របស់ខ្លួន ទោះបីផលប៉ះពាល់នោះ តិចឬច្រើនក៏ដោយ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងប្រទេសជាតិទាំងមូល។ តែទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា សំណង់ដែលបងប្អូនប្រជាពលរដ្ឋបានរុះរើនេះ គឺស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនទេ។

ជាមួយនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបង្ហាញដល់កិច្ចប្រជុំ រួមនិងសាធារណមតិអំពីការអនុវត្តគម្រោងព្រលានយន្តហោះអន្តរជាតិ គឺនៅតែបន្តសាងសង់ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងគ្រោងបញ្ចប់ការដ្ឋាននៅឆ្នាំ២០២៣។ ដោយឡែក ទីក្រុងសៀមរាបថ្មី បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ គម្រោងនេះ គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ខ្ពស់ៗបាន និងចូលរួមទាក់ទាញភ្ញៀវទេសចរ ប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥។ ហើយគម្រោងទីក្រុងថ្មីនេះ នឹងរៀបចំនៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាបផងដែរ។

បន្ថែមពីគម្រោងសំខាន់ៗទាំង៣នេះ ឯកឧត្តម អ៊ឹង ហឿន ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវពិនិត្យមើលសំណង់នៅលើដីចំណីផ្លូវសាធារណ: ឬដីសាធារណ:របស់រដ្ឋ និងត្រូវមានវិធានការលើសំណង់ទាំងនោះ។ បច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាកំពុងរស់នៅក្នុងម្លប់សន្តិភាព ដូច្នេះមិនថាទីក្រុង ឬជនបទ ជីវភាពប្រជាពលរដ្ឋមានការប្រសើរឡើងជាលំដាប់។

ដោយឡែក អង្គប្រជុំក៏បានលើកយក សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៧ សេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប បញ្ហាផ្សេងៗ ពិនិត្យ ពិភាក្សា និងអនុម័តផងដែរ៕

អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ និងលោក ខេង ឧត្តម
កែសម្រួលដោយ លោក សេង ផល្លី
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស