ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ទីចាត់ការចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពនិងកំណើនសេដ្ឋកិច្ចក្នុងខេត្តប្រកបដោយចីរភាពផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ នៅក្នុងអំឡុងនៃស្ថានភាពជំនន់ទឹកភ្លៀងកន្លងមកនេះខេត្តកំពង់ឆ្នាំង ក៏បានទទួលរងនូវផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្រូវរដូវវស្សារបស់ប្រជាកសិករ ហើយមកដល់ ពេលនេះក្រុមការងារតាមមន្ទីរវិស័យ បានចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ ដើម្បីលើកគម្រោងជួសជុល និងស្តារឡើងវិញ ពិសេសគឺកិច្ចការងារបង្កបង្កើនផលស្រូវរដូវស្សារបស់ប្រជាពលរដ្ឋ គឺមន្រ្តីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីលើកគម្រោងចែកពូជស្រូវជូនកសិករ ដែលរងផលប៉ះពាល់។

ឯកឧត្តម ឡុង ឈុនឡៃ ថ្លែងនូវការកោតសរសើរចំពោះលទ្ធផលសកម្មភាពការងាររបស់អភិបាលនៃគណៈអភិបាលខេត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមសហការគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍលើគ្រប់វិស័យ ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុនដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតដោះស្រាយបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍយ៉ាងណាក៏ដោយប៉ុន្តែតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋនៅតែមាន ដែលទាមទារឱ្យអាជ្ញាធរខេត្ត មន្រ្តីជំនាញបន្តចូលរួមដោះរាល់បញ្ហាប្រឈមដែលកើតឡើងនៅក្នុងមូលដ្ឋាន ដូចជាការលុបបំបាត់ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតឡើង។ ជាមួយនេះ អាជ្ញាធរមូលដ្ឋានត្រូវតែលើកកម្ពស់ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ចំពោះវិស័យសុខមាលភាពគឺបន្តយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ដោយបន្តអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។

ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៧អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវក៏បានឯកភាពលើៈ
១. កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត។
២. របាយការណ៍បូកសរុលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តន៍បន្ត។
៣. របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០និង ទិសដៅអនុវត្តន៍បន្តរបស់រដ្ឋបាលខេត្ត ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស