រាជរដ្ឋាភិបាល ផ្តល់ពូជស្រូវចំនួន២៥តោន ដល់កសិករបង្កបង្កើនផល ស្តារខូចខាតឡើងវិញក្រោយពីជំនន់ទឹកភ្លៀង ស្រកចុះ

(កណ្តាល)៖ពូជស្រូវសែនក្រអូបចំនួន២៥តោន របស់រាជរដ្ឋាភិបាល ត្រូវបាន ឯកឧត្ដម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម គង់ សោភណ្ឌ័  អភិបាលខេត្តកណ្តាលនាំយកទៅចែកជួន ជាបន្ទាន់ដល់កសិករស្រុកកណ្តាលស្ទឹង ដែលផ្ទៃដីស្រូវវស្សារបស់ពួកគាត់ រងគ្រោះដោយ ដោយជំនន់ទឹកភ្លៀងជន់លិច ដើម្បីបង្កបង្កើនផលស្តារ ខូចខាតឡើងវិញក្រោយពីទឹកស្រកចុះ ។ 

ពិធីនេះប្រារព្ធធ្វើឡើង នៅឃុំដើមឬស កាលពីព្រឹកថ្ងៃទី០៥វិច្ឆិកានេះ។

តាមរបាយការណ៍របស់ លោកប៊ុន ទួនសុីម៉ូណា  ប្រធានមន្ទីរកសិកម្មខេត្តកណ្តាលអោយដឹងថា៖ ទូទាំងខេត្តផ្ទៃដីស្រូវវស្សា ប៉ះបាល់ដោយ  ទឹកជំនន់ទឹកភ្លៀងជន់លិច សរុបប្រមាណ ៣.៤៧២ហិកតា ក្នុងស្រុកចំនួន០៤ លើឃុំចំនួន២៧ក្នុងនោះស្រុកកណ្តាលស្ទឹង រងប៉ះពាល់ប្រមាណ២ .៣២១ហិកតា រងខូចខាតទាំងស្រុង សរុបប្រមាណ១.០៥៩ហិកតាលើ១៨ឃុំ។

មានប្រសាសន៍ចំពោះមុខ ប្រជាពលរដ្ឋ នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌបានសំដែងការ កោតសរសើរ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកណ្ដាល រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់លំដាប់ថ្នាក់បានចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ដោយមិនមាន ប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការ យកចិត្តទុកដាក់ពីអាជ្ញាធរឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់យក វិធានការអនាមយ័ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជៀសវាងជម្ងឺផ្សេងៗ ។ ជាងនេះទៅទៀតនោះ គីត្រូវអនុវត្តវិធីបង្ការ ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ បញ្ជៀសកុំអោយឆ្លងរាតត្បាត ចូលក្នុងសហគមន៍។

ឯកឧត្ដម ហួត ប៊ុនណារី បានសម្តែងការសោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នាពេលនេះ និងបានលើកទឹកចិត្ត ឱ្យកសិករយើង ត្រូវជំនះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីស្តារផលិតកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញ បន្ទាប់ពីទឹកស្រកចុះ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល