អាជ្ញាធរខេត្តព្រៃវែង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព អគ្គីភ័យឆាបឆេះផ្សារកំពង់ពពិល នៅស្រុកពារាំង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខេត្តដែលដឹកនាំដោយឯកឧត្តម សួនសុម៉ាលីន អភិបាលស្ដីទី នៃគណៈអភិបាលខេត្តព្រៃវែង ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត រួមជាមួយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្សារកំពង់ពពិលដែលត្រូវបានអគ្គីភ័យឆាបឆេះ នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាសនៃការចុះពិនិត្យអំពីស្ថានភាពអំពីផលប៉ះពាល់ ដល់បងប្អូនអាជីវករដែលរងផលប៉ះពាល់ដោយសារអគ្គីភ័យឆាប់ឆេះនោះឯកឧត្តមក៏បានប្រជុំ ដើម្បីរកដំណោះស្រាយ ដល់បងប្អូនអាជីវករដែលប្រកបមុខរបរអាជីវកម្មលក់ដូរនៅក្នុងផ្សារកំពង់ពពិលដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះនេះ។

ក្នុងនោះឯកឧត្តមអភិបាលរងក៏បានលើកឡើងបន្តទៀតថា និងបង្កេីតគណៈកម្មការចំពោះកិច្ចការងារដេីម្បីបន្តនីតិវិធី ដោយមានការចុះស្រង់ស្ថិតិម្ចាស់តូប ការកំណត់ទំហំតូប របស់បងប្អូនអាជីវករ និងគ្រោងរៀបចំយន្តការដេីម្បីសាងសង់ផ្សារឡេីងវិញ។

សូមបញ្ជាក់ផងដែថា៖ អគ្គីភ័យឆាបឆេះផ្សារកំពង់ពពិល ស្រុកពារាំងនេះនៅម៉ោង ៩ៈ00 នាទីយប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានរលត់ទាំងស្រុងនៅម៉ោង១២ ៣០នាទី យប់ ដោយប្រេីប្រាស់ឡានទឹកសរុប ២១ឡាន(ឡានព្រៃវែង៦គ្រឿង ខេត្តកណ្តាល៣គ្រឿង ខណ្ឌ័ជ្រោយចង្វា ៧គ្រឿង ក្រសួងមហាផ្ទៃ ៥គ្រឿង) ប្រេីប្រាស់ទឹកសរុប ប្រហែល៧០ឡាន ។ ការខូចខាតមានទំហំ ប្រហែល៧០ភាគរយ (ខូចខាត អស់ ៧៥តូប លេី ៩៦តូប )មិនទាន់គិតកញ្ច្រែងល្អី ស្មេីនិងទឹកប្រាក់ប្រហែល ១ ,០៨០ ,០០០ ដុល្លាអាមេរិក ចំពោះករណីអគ្គីភ័យដែលឆាបឆេះផ្សារកំពង់ពពិលនេះគឺមិនបង្កឱ្យមានការបាត់បង់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕

ដោយ៖មន្ទីរព័ត៌មានខេត្តព្រៃវែង