ព្រះសង្ឃ និង​ពលរដ្ឋ រួមគ្នា​ជួសជុល​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​ខូច​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​!

(​សៀមរាប​)៖ ផ្លូវលំ​មួយ​ខ្សែ ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​កន្លងមក ត្រូវបាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​អង្គ​/​នាក់ បានរួម​គ្នា ទិញ​ដី​ចាក់​បំពេញ និង​ជួសជុល​ឡើងវិញ ដើម្បីអោយ​ប្រជាពលរដ្ឋ​ងាយស្រួល​ដឹក​កសិក​ផល ព្រមទាំង​សិស្សានុសិស្ស​ស្រួល​ធ្វើដំណើរ​ទៅ​សាលារៀន ។ ផ្លូវ​មួយ​ខ្សែ​នេះ មាន​ប្រវែង​ប្រមាណ​៤​គីឡូម៉ែត្រ ស្ថិ​នៅ​ក្នុងភូមិ​ត្រពាំងថ្ម​ល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះចៅអធិការ​វត្ដ​សុវណ្ណ​ព្រឹក្សា​គគី ព្រះអង្គ​មាន​សង្ឃដីកា កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ដោយ​មើលឃើញ​ពី​ការលំបាក​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​ផង​នោះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​រួមគ្នា​ទិញ​ដីក្រហម​ជាច្រើន​ឡាន ព្រមទាំង​យក​កំទេច​ថ្ម​ពី​កន្លែង​ផ្សេង ដើម្បី​ចាក់​បំពេញ និង​ជួសជុល​ឡើងវិញ តាមផ្លូវ​ដែល​បាន​បាក់ស្រុត ដោយ​ទឹក​ហូរ​កាត់ នៃ​ជំនន់​ទឹកភ្លៀង​កាលពីពេល​ថ្មីៗ​នេះ​។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ដថា ផ្លូវ​ដែល​កំពុង​ជួសជុល​នេះ រង​ការខូចខាត​ច្រើន​កន្លែង ដែលមាន​ទឹក​ហូរ​កាត់​ផ្លូវ ព្រោះ​លូ​នៅតាម​ខាងមុខផ្ទះ​ប្រជាពលរដ្ឋ​មាន​ទំហំ​តូចៗ បណ្ដាលអោយ​ទឹក​ហូរ​មិនទាន់ ដែលមាន​ផលប៉ះពាល់​ដល់​ផ្លូវ និង​ពិបាក​ធ្វើដំណើរ​មួយ​សប្ដាហ៍​មកហើយ​។ ព្រះអង្គ​មាន​សង្ឃដីកា​បញ្ជាក់ថា កាលពី​ឆ្នាំមុនៗ ព្រះអង្គ​ក៏បាន​ចូល​កែលំអរ​ផ្លូវ​ផ្សេងទៀត​នៅក្នុង​ឃុំ​របស់​ព្រះអង្គ​ផងដែរ ដែល​ព្រះអង្គ​បន្ថែមថា ការរួម​គ្នា​ជួសជុល​ផ្លូវ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ ជាការ​ចូលរួម​ជួយ​រំដោះ​ទុក្ខលំបាក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​។​

​បើតាម​ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះអង្គ​បានអោយដឹងថា ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​ជួសជុល​ឡើងវិញ​នេះ​មាន​សារ​:​សំខាន់​ក្នុង​ដឹកជញ្ជូន​កសិផល​ប្រជាពលរដ្ឋ​ព្រមទាំង​ការធ្វើដំណើរ​ទៅកាន់​កន្លែង​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត ប៉ុន្ដែ​សម្រាប់​កន្លែង​ដែល​ពលរដ្ឋ និង​ព្រះសង្ឃ​រួមគ្នា​ជួសជុល​នេះ មាន​ប្រវែង​ប្រហែល ៤​គីឡូម៉ែត្រ ចេញពី​ថ្នល់ជាតិ​លេខ​៦ ដល់​វត្ដ​សុវណ្ណ​ព្រឹក្សា​គគី ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដែលជា​ផ្លូវ​មូលនិធិ​ឃុំ សង្កាត់ ហើយ​កំពុង​រង​ការខូចខាត​ជាច្រើន​កន្លែង ដោយសារ​ជំនន់​ទឹកភ្លៀង​។ ព្រះអង្គ​បាន​អំពាវនាវ ដល់​សប្បុរសជន​ចូល​រូ​ម​បរិ​ច្ចា​ថវិកា​ជួយ​ជួសជុល​ផ្លូវ​បន្ថែមទៀត ដើម្បីអោយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ងាយស្រួល​ធ្វើ​ចរាចរណ៍ ក៏ដូចជា​ដឹកជញ្ជូន​កសិក​ផល​របស់​ប្រជាកសិករ​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​