ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល និងអធិការក្រុង-ស្រុក ព្រមទាំងសមាជិកជាច្រើនរូបទៀត ។
មានមតិបើកកិច្ចប្រជុំនាឪកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញបេសកកម្ម ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងភ្ញៀវទេសចរផងដែរ ក្នុងឱកាសធំៗ ដូចជាការឈប់សម្រាកសងចូលឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យកឋិនទាន និងពិធីបុណ្យអុំទូក ដែលទើបតែបញ្ចប់ថ្មីៗនេះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក និងនៅតែត្រៀមលក្ខណៈទប់ទល់បន្តទៀត ព្រោះកូវីដ នេះមិនទាន់ដឹងថាបញ្ចប់ពេលណានោះទេ។
បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រុញដល់សមាជិកគណៈបញ្ជាការឯកភាពខេត្តទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងល្អ រវាងអាជ្ញាធរ និងអាជ្ញាធរ កងកម្លាំង និងកងកម្លាំង ជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-ឡាវ ដោយពង្រឹងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន ។ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ និងម៉ត់ចត់នូវវិធានការបង្រ្កាប និងទប់ស្កាត់នូវ បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។ ជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវគ្រប់គ្រងដីធ្លី ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ អោយបានហ្មត់ចត់ និងត្រូវទប់ស្កាត់ការចូលកាន់កាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធ អោយបានទាន់ពេលវេលា និងត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី និងត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។
ក្រោយពីមានការចូលរួមមតិយោបល់យ៉ាងផុសផុលរួចមក ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការដោយ ត្រូវបន្តផ្ដល់ជូននូវអំណោយ ដល់គ្រួសាររងគ្រោះដោយសារឥទ្ធិពលទឹកជំនន់ និងវិបត្តិជំងឺកូវីដ១៩ ហើយអាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពនានា សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ទីរព័ត៌មានខេត្ត ត្រូវសម្របសម្រួលការងារជាមួយអ្នកសារព័ត៌មានឱ្យបានជិតស្និទ្ធ គាំទ្រ លើកទឹកចិត្តដល់សារព័ត៌មានដែលមានច្បាប់ត្រឹមត្រូវ មានវិជ្ជាជីវៈច្បាស់លាស់ និងមានសីលធម៌ល្អ ហើយចំពោះសារព័ត៌មានណាដែលមិនមានច្បាប់ត្រឹមត្រូវ មិនមានវិជ្ជាជីវៈពិតប្រាកដ ប្រើពាក្យសម្ដីមិនសមរម្យ អសុរោះ ជេរប្រមាថ មន្ត្រីរាជការសាធារណៈ និងថ្នាក់ដឹកនាំ មានចរឹតមួលបង្កាច់ ញុះញង់ បរិហារ និយាយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាល់  ត្រូវចាត់វិធានការផ្លូវច្បាប់ជា
បន្ទាន់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ