អាជ្ញាធរ​សវនកម្ម​ជាតិ​រៀបចំ​អង្គសិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​០៣-០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អាជ្ញាធរ​សវនកម្ម​ជាតិ បានរៀបចំ​អង្គសិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សវនកម្ម និង ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គីម​សួគ៌ អគ្គសវនករ នៃ​អាជ្ញាធ​សវនកម្ម​ជាតិ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ខេត្ត​, តំណាង​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៩៩ នាក់ ដែល​ធ្វើ​នៅ​សណ្ឋាគារ​ណាវី​-​ខេត្តព្រៃវែង​។​

​បន្ទាប់ពី​តំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​មានមតិ​ស្វាគមន៍​រួចមក​, ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​មានប្រសាសន៍​គូសបញ្ជាក់ថា អង្គសិក្ខាសាលា​នាពេលនេះ មាន​គោលដៅ​ចូលរួម​ពង្រឹង និង​បង្កើន​សមត្ថភាព ដល់​មន្ត្រីរាជការ​ដែល​បំពេញការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គាំទ្រ​យន្តការ​អនុវត្ត​ការងារ​សវនកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ក​សិទ្ធ​ភាព​ខ្ពស់ ក្នុងការ​សម្រេច​គោលបំណង​រួមចំណែក​កាត់បន្ថយ និង ទប់ស្កាត់​នូវ​រាល់​កំហុស​ដែល​បង្កឱ្យមាន​គុណវិបត្តិ ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ ព្រមទាំង​ពង្រឹង និង​បង្កើន​ជំនឿ​ចិត្ត​លើ​កិច្ចការងារ​សវនកម្ម ពី​សំណាក់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ លើ​ការត្រួតពិនិត្យ​, ការគ្រប់គ្រង និង​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សា​ធាណៈ របស់​រាជរដ្ឋាភិបាល ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។

​ឯកឧត្តម បណ្ឌិត បាន​មានប្រសាសន៍​បន្តទៀតថា អាជ្ញាធរ​សវនកម្ម​ជាតិ ជា​ស្ថាប័ន​សវនកម្ម​កំពូល​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ ហេតុ​ដូច្នេះហើយ​, ទើប​តម្រូវឱ្យ​អង្គភាព​-​ស្ថាប័ន​, មន្ទីរជំនាញ​, ក្រុង​-​ស្រុក និង ឃុំ​-​សង្កាត់ ចំណុះ​រដ្ឋបាល​ខេត្តព្រៃវែង​ទាំងអស់ ចាំបាច់​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​សវនកម្ម​ជាតិ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, កែលម្អ​កំហុសឆ្គង និង​បំពេញ​រាល់​កង្វះខាត សំដៅ​ជំរុញ​ឱ្យ​ការអនុវត្ត​ការងារ​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​។

​ក្នុង​អង្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រ​សុ​ភ័​ណ្ឌ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បានធ្វើ​បទ​បង្ហាញ​ស្តីពី “​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជណាចក្រ​កម្ពុជា​” ដោយ​កំណត់​លើ​៤ ចំណុច សំខាន់ៗ រួមមាន​៖ ទី​១.​សាវតា​ស្ថាប័ន​អាជ្ញាធរ​សវនកម្ម​ជាតិ​, ទី​២.​ហេតុអ្វី​ត្រូវមាន​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ទី​៣.​ខ្លឹមសារ​នៃ​ច្បាប់​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទី​៤.​ខ្លឹមសារ​នៃ​ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរជំនាញ​, កងកម្លាំងប្រដាប់អាវុធ​, ក្រុង​-​ស្រុក​, ឃុំ​-​សង្កាត់ និង​អង្គភាព​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្តព្រៃវែង ព្រមទាំង​បានធ្វើការ​បកស្រាយ និង​ឆ្លើយបំភ្លឺ​នូវ​សំនួរ​មួយចំនួន​ដែល​បានលើកឡើង​ដោយ​សិក្ខាកាម​នៃ​អង្គសិក្ខាសាលា​។​

​គួ​រំលឹក​ផងដែរ​ថា​, អាជ្ញាធរ​សវនកម្ម​ជាតិ គឺជា​ស្ថាប័ន​សាធារណៈ​ឯករាជ្យ​អំពី​កិច្ចប្រតិបត្តិការ​ការងា​រ និង មាន​ភារកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​កែតម្រូវ​លើ​រាល់​កំហុសឆ្គង​របស់​អង្គភាព​រង​សវនកម្ម ព្រមទាំង​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ ជូន​ស្ថាប័ន​នីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និង​ព្រឹទ្ធសភា និង​ចម្លងជូន​រាជរដ្ឋាភិបាល​។​

​អង្គសិក្ខាសាលា​បានបញ្ចប់ បន្ទាប់ពី ឯកឧត្តម បណ្ឌិត អគ្គសវនកររង ធ្វើការ​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល នៃ​ការប្រព្រឹត្តទៅ​របស់​អង្គសិក្ខាសាលា​នា​រយៈពេល​០២​ព្រឹក កន្លងមកនេះ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​