សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​កម្ពុជា​ផ្តល់​អំណោយ ជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កណ្តាលស្ទឹង​

(​កណ្តាលស្ទឹង​)៖ សមាគម​សម្ព​ន្ធ័​ចិន នៅ​កម្ពុជា ដឹកនាំ​ដោយ លោក​ឧកញ៉ា ដួង​តិច អនុប្រធាន​សមាគម និង​ជា​ប្រធាន​ក្រុមយុវជន របស់​សមាគម​សម្ព​ន្ធ័​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​នាំ​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៥០០​គ្រួសារ មកពី​១៨​ឃុំ ក្នុងស្រុក​កណ្ដាលស្ទឹង ដែល​បានរៀបចំ​ធ្វើឡើង នៅ​បរិវេណ អាហា​រដ្ឋា​ន​ភូមិ​ត្នោត ស្ថិតនៅ​ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង កាលពី​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​នេះ ក្រោម​វត្តមាន​ឯកឧត្តម នៃ​ចារី អភិបាលរង ខេត្តកណ្តាល​។

​លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្ដាលស្ទឹង បានឱ្យដឹងថា​៖ ជំនន់​លិច​នេះ ខេត្តកណ្តាល ទទួល​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ពី​ស្ថានីយ៍​ពាម​ឃ្លៃ និង​ទំនប់​រលាំង​ជ្រៃ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ហេតុនេះហើយ ទើប​ធ្វើអោយ​កំពស់​ទឹក​ទំនប់​៧​មករា ក្នុង​ខេត្តកណ្ដាល ឡើង​ហួស​ពី​កម្រិត​ប្រកាស​អ​សន្ន ស្ថានភាព​នេះ​បណ្ដាលអោយ​ទំនប់​សណ្ដរ​ប៉ែក​ខាងត្បូង​បណ្ដោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ស្ពានថ្ម នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​ទ្រទ្រង់​ក្នុង កម្រិត​កំពស់​នេះ​បាន ទើប​បណ្ដាលអោយ ជន់​លិច​ប៉ះពាល់​ក្រុង ស្រុក ចំនួន​០៣ រួមមាន​ស្រុក​កណ្ដាលស្ទឹង ស្រុក​អង្ក​ស្នួល និង​ក្រុង​តាខ្មៅ ។ មានប្រសាសន៍​នា​កាស​នោះ លោក ឧកញ៉ា ដួង តិច​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ទឹក​ស្រក ត្រូវអនុវត្ត វិធាន របស់​ក្រសួងសុខាភិបាល ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ ស្អាត ផឹក​ស្អាត ហូប​ស្អាត​ប្រកបដោយ​អនាម័យ ជាពិសេស​ការហូប​ទឹកស្អាត ឬ​ផឹកទឹក​ដាំ​ពុះ​ដើម្បី​គេច​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​

​អំណោយ​ដែល​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​នាពេលនេះ មាន​ចំនួន​៥០០​គ្រួសារ ដែល​គ្រួសារ​និ​មួយៗ ទទួលបាន អង្ករ​២៥ គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ អំបិល​២​កញ្ចប់ ទឹក​សុទ្ធ​១​កេស កន្ទេល​១ ខ្នើយ​២ មុង​១ ភួយ​២ ក្រ​ម៉ា​១​និង​ថវិកា មួយចំនួន​។ ដោយឡែក​លោក ជុន វណ្ណ​នុត និង​លោកស្រី វុ​ធ សុជា​តី ម្ចាស់​អាហា​រដ្ឋា​ន​ភូមិ​ត្នោត បានផ្ដល់​ទីតាំង និង​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​៥.០០០ ០០០៛ សម្រាប់​ឧបត្ថម្ភ​ជូន​គ្រួសា​រងគ្រោះ​ចំនួន ៥០០​គ្រួសារ នេះ​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​