ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ជំរុញឱ្យក្រុមការងារផ្នែកវិស័យវាស់វែងដីធ្លីពន្លឿនបន្ថែម

(កំពង់ឆ្នាំង)៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យដីធ្លីខេត្តកំពង់ឆ្នាំង បានជម្រុញមន្រ្តីគ្រប់គ្រងតំបន់វិនិច្ឆ័យត្រូវពន្លឿនបន្ថែមទៀតក្នុងការចុះបញ្ជីដីធ្លី និងបំរើសេវាជាពិសេសចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកបានជម្រុញបែបនេះនៅក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ដោយមានការចូលរួមពីលោក សូត្រ សង់ អភិបាលស្តីទីស្រុកទឹកផុស តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមគ្រប់គ្រង តំបន់វិនិច្ឆ័យ ព្រមទាំង តំណាងធានាគារឯកជន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចូលរួមផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក លី សុភា បានមានប្រសាសន៍ថាៈ ការបិទផ្សាយជាលក្ខណៈប្រព័ន្ធក្នុងពេលនេះមានសារៈសំខាន់ណាស់ សម្រាប់ឱ្យបងប្អូនធ្វើការផ្ទៀងផ្ទាត់នូវឈ្មោះ រូបរាងបញ្ចី ក្បាលដី ហើយការបិទផ្សាយពេលនេះមានរយៈពេល១៥ថ្ងៃ ដោយមិនគិតពីថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិឡើយ។ លោកបានបន្តទៀតថាៈ ដើម្បីឱ្យដំណើរការពិនិត្យទិន្នន័យកាន់តែលឿនសូមបងប្អូនប្រជាពលរដ្ឋយកភ្ជាប់មកជាមួយនូវឯកសារដូចជា ប័ណ្ណសំគាល់ក្បាលដីចេញដោយក្រុម គ្រប់គ្រងនៅតំបន់វិនិច្ឆ័យ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារមកជាមួយ ប្រសិនបើការពិនិត្យទៅមានការខុសឈ្មោះ ឬរូបរាងក្បាលដីអាចមានសិទ្ធិ ប្តឹងតវ៉ាកែតម្រូវក្នុងរយៈពេល នៃការបិទផ្សាយរបស់ក្រុមការងារដែលនៅប្រចាំការទីនោះស្រាប់។

លោក លី សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍របស់យើង។

បើយោងតាមរបាយការណ៍របស់ លោក សុខ សម្បត្តិ ប្រធានផ្នែក គ្រប់គ្រងតំបន់វិនិច្ឆ័យ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស នៃការបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធនៅក្នុងភូមិតាំងក្រសាំង ដោយបានកំណត់ព្រំ និងវិនិច្ឆ័យភូមិ សរុបមានចំនួន ១៥៣៤ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន ១៤២២ក្បាលដី ដីលំនៅដ្ឋានចំនួន ១០៩ ក្បាលដី ក្រៅពីនោះដីទួលកប់ខ្មោច ដីទួលអ្នកតា និងដីសាលាឆទាន ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង