សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ​២០២១-២០២៣ នៅ​ថ្នាក់ក្រុង​

(​ស្វាយរៀង​)៖ នា​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​៣​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គសិក្ខាសាលា​សមា​រណកម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ​២០២១-២០២៣ នៅ​ថ្នាក់ក្រុង​ស្វាយរៀង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយក​ទីចាត់ការ​ផែនការ​វិនិយោគ​សាលាខេត្ត ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត លោកនាយក​-​នាយករង​រដ្ឋបាល​សាលាក្រុង កងកម្លាំង ប្រ​ធា​ការិយាល័យ​-​អង្គភាព​ចំណុះ​សាលាក្រុង ប្រធានការិយាល័យ​ជំនាញ​នានា​ជុំវិញ​ក្រុង លោក លោកស្រី ចៅសង្កាត់​ទាំង​៧​ក្នុង​ក្រុង និង​ស្មៀន​សង្កាត់​ទាំង​៧​ក្នុង​ក្រុង​។​

​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​សមាហរណកម្ម​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើងថា ដើម្បីឱ្យ​គម្រោង​សកម្ម​ភាពជា​អាទិភាព​ស្នើឡើង​ដោយ​ឃុំ​-​សង្កាត់ មាន​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​របស់​បណ្តា​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ តាមរយៈ​ការវិភាគ និង​ចរចា​រវាង​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​នានា ជាមួយ​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដែលមាន​ការទាក់ទង​គ្នា ដើម្បី​ប្រមូលផ្តុំ​ធនធាន សម្រាប់​គាំទ្រ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ដោយ​ប្រើប្រាស់​សក្តានុពល នៃ​ធនធាន​ចាំបាច់​ទាំងឡាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដោយ​សហប្រតិបត្តិការ​គ្នា ដើម្បី​សម្រេច​ទិសដៅ​រួម​ប្រកបដោយ​ប្រសិទ្ធភាព ជាជាង​ការធ្វើសកម្មភាព​តែ​ឯកឯង​។

​ឯកឧត្តម​បន្តថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​លើក​សំណួរ​ចំពោះ​មន្ទីរ អង្គភាព​នានា និង​អង្គការ​ពាក់ព័ន្ធ ដែល​នៅ​មិនទាន់បាន​អនុវត្ត ឬក៏​អនុវត្ត​មិនទាន់​ចប់​កិច្ចព្រមព្រៀង​ឆ្នាំកន្លងមក ទន្ទឹមនេះ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ប្រើ​ឱកាស​នេះ​សម្រាប់​ផ្តល់ព័ត៌មាន​បន្ថែម​ដល់​មន្ទីរ អង្គភាព អង្គការ​នានា និង​សប្បុរសជន អំពី​កិច្ច​ការផ្តល់សេវា​យ៉ាងណា​ដែល​ល្អប្រសើរ ឬក៏​បង្ហាញ​អំពី​បញ្ហា​រួម ដែល​កើតមាន​នៅតាម​បណ្តា​ឃុំ​-​សង្កាត់ ភាគច្រើន​ក្នុង​ក្រុង​-​ស្រុក របស់ខ្លួន រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ គឺ​មិនអាច​ដោះស្រាយ​បញ្ហា​តាម​ឃុំ​-​សង្កាត់​នីមួយៗ ដាច់ដោយឡែក​ពីគ្នា​បានទេ​។​

​ចំពោះ​មន្ទីរ អង្គភាព​ជំនាញ គឺជា​ការជួយ​កំណត់​ឱ្យបាន​ថា តើ​ទីកន្លែង​ណា​ដែល​អាចអនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន​ស្របតាម​អាទិភាព​ជាតិ និង​ខេត្ត​ទៅតាម​ថវិកា​ដែល​ខ្លួន​មាន​ត្រូវតែ​ឆ្លើយបំភ្លឺ​ជូន​ឃុំ​-​សង្កាត់ ពាក់ព័ន្ធ​និង​អង្គសិក្ខាសាលា​នូវ​មូលហេតុ​ទាំងឡាយ ដែល​មិនបាន​អនុវត្ត​កិច្ចព្រមព្រៀង នា​ឆ្នាំកន្លងមក​។​

​ចំពោះ​អង្គការ​ជាតិ​-​អន្តរជាតិ អាច​ស្វែងយល់​ពី​គោលនយោបាយ​យុទ្ធសាស្ត្រ សកម្មភាព​របស់ មន្ទីរ អង្គភាព​នានា និង​អាច​ជ្រើសរើស​គាំទ្រ​គម្រោង​ដែល​ឃុំ​-​សង្កាត់ ស្នើឡើង ធានាបាន​នូវ​ភាពស៊ីសង្វាក់​រវាង​សកម្មភាព​នៃ​កម្មវិធី​របស់ខ្លួន​។ ដូច្នេះ​សូម​មន្ទីរ អង្គភាព​ជំនាញ អង្គការ​ជាតិ​-​អន្តរជាតិ ពិនិត្យ និង​ពិចារណា​នូវ​អ្វី​ដែលជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើការ​សម្រេចចិត្ត​គាំទ្រ​សំណើ​គម្រោង​របស់​ឃុំ​-​សង្កាត់ ស្នើឡើង​ឱ្យ​សមស្រប ចៀសវាង​គាំទ្រ​ក្រៅ​សំណើ​គម្រោង​ដែល​មិនមែនជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា គម្រោង​នៃ​សកម្មភាព ជា​អាទិភាព​របស់​ឃុំ​-​សង្កាត់ នៃ​ក្រុង​ស្វាយរៀង សម្រាប់​ការអនុវត្តន៍​នៅ​ឆ្នាំ​២០២១ មាន​ចំនួន ២.៦១២ គម្រោង​៕ ដោយ​៖ មន្ទីរ​ព័​ត៍​មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល