រដ្ឋបាល​ខេត្តតាកែវ ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការបង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Officials Facebook Page ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា នៅតាម​បណ្ដាញ​សង្គម​

(​តាកែវ​)៖ ដើម្បី​ធ្វើការ​ពង្រឹង​ប្រសិទ្ធភាព​លើ​ការងារ ផ្ដល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ថែរក្សា​សន្តិសុខ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរឡើង អភិបាល​ខេត្តតាកែវ បានធ្វើការ​ដាស់តឿន​ដល់​អភិបាលក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវបង្កើត​ក្រុមការងារ នៅតាម​បណ្ដាល​ក្រុង​ស្រុក​ដើម្បី​ក្ដាប់​អោយបាន​នូវ​សំណូមពរ​ដល់​អាជ្ញាធរ​នៅតាម​តាម​បណ្ដាញ​សង្គម​។​

​ថ្លែង​នៅ​ចំពោះ​អភិបាលក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​បង្កើត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រាជធានី​ខេត្ត​ក្រុង​ស្រុក​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី ២ ខែ វិឆ្ឆិកា ឆ្នាំ ២០២០​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា បច្ចុប្បន្ននេះ​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​បានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អោយជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដូច្នោះ​អាជ្ញាធ​ក្រុង​ស្រុក​ទាំងអស់​ត្រូវធ្វើ​កា​រប​ង្ហោះ​នូវ​សកម្មភាព​បំរើ​កិច្ច​ការជូន​បងប្អូន​ប្រជាពលរដ្ឋ​ឬ​សង្គមភាព​ជួយ​សង្គម ព្រមទាំង​ត្រូវបង្កើត​ក្រុមការងារ​តាមដាន​ឲ្យ​បាន​ជាប់​ប្រចាំ​នៅតាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុង​ស្រុក ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​នូវ​ការ​សំណូមពរ​នានា​និង​ឆ្លើយតប​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​មានប្រសាសន៍​បន្តថា រាល់​ការ​សំណូមពរ​របស់​បងប្អូន​ប្រជា​ពល​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម យើង​ត្រូវតែ​ចាត់​វិធានការណ៍​ដោះស្រាយ​ឆ្លើយតប​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​តម្លាភាព គ​ណេ​យ្យ​ភាព​និង​យុត្តិធម៌​ស្របតាម​ច្បាប់​និង​លិ​ខឹ​ត​បទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន ហើយ​រាល់​បញ្ហា​ណា​ដែល​អាជ្ញាធ​ក្រុង​ស្រុក​មិនអាច​ដោះស្រាយបាន​ត្រូវបញ្ជូន​បញ្ហា​ទាំងអស់នេះ​មក​ខេត្ត​ដើម្បី​ដោះស្រាយ​បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​ក៍បាន​ណែនាំ​ឲ្យ​ពិនិត្យមើល​ការ​ការបញ្ចេញ​មតិយោបល់​ណា​ឬ​ការផ្ដល់​ពត៌មាន​មិន​ពិត​ដែលមាន​លក្ខណៈ​ញុះញង់ អុជអាល​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សន្តិសុខ​សាធារណៈ យើង​ត្រូវតែមាន​វិធានការណ៍​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ដែល​បាន​ប្រព្រឹត្តិ​ឲ្យ​ទាន់ពេលវេលា​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​