កិច្ចប្រជុំ​កសាង​ផែនការ​សកម្មភាព​ស្ដីពី​ទេសន្តរប្រវេសន៍ ២០២០-២០២១ និង​ពិនិត្យ​តាមដាន​ការងារ​អនុវត្ត​

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង បានរៀបចំ​កិច្ចប្រជុំ​កសាង​ផែនការ​សកម្មភាព​ស្ដីពី​ទេសន្តរប្រវេសន៍ ២០២០-២០២១ និង​ពិនិត្យ​តាមដាន​ការងារ​អនុវត្ត ដែលមាន​ការអញ្ជើញ​ចូលរួម​ឯកឧត្តម ចាន់ ថា អភិបាលរង​ខេត្ត និង​អង្គការ​ដៃគូ មន្ទីរ​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​នៅក្នុង​ឱកាស​នោះ​លោក ណុប សាវ៉ាត ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បាន​លើកឡើងថា ការរៀបចំ​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​គាំពារ និង​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​ពលករ​ទេសន្តរប្រវេសន៍ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ជូន​ពួកគាត់ ឱ្យបាន​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​លើ​ការធ្វើ​ទេសន្តរប្រវេសន៍ ប្រកបដោយ​សុវត្ថិភាព ។ លោក ប្រធាន​មន្ទីរ​បន្តរ​ទៀតថា ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​នេះ​គឺ​ត្រូវ​កំណត់​ឱ្យបាន​ជាក់លាក់​នូវ​សកម្មភាព គោលបំណង សូចនាករ បញ្ហា​ប្រឈម​នានា​ក្នុងការ​អនុវត្ត និង​ដំណោះស្រាយ​ទៅតាម​លទ្ធភាព ក៏ដូចជា​សំណូមពរ​ដល់ដៃ​គូ​ពាក់ព័ន្ធ ។ ទន្ទឹមនឹង​លទ្ធផល​សម្រេចបាន​រប​ស់ម​ន្ទីរ និង​លទ្ធផល​សម្រេចបាន​រប​ស់លោក លោកស្រី មន្ទីរជំនាញ​លោក លោកស្រី គណៈ​អភិបាលក្រុង និង​តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ការផ្ដល់​នូវ​បទពិសោធន៍​ដែល​បាន​អនុវត្ត​កន្លង​មកដល់​អង្គប្រជុំ ព្រមទាំង​ចូលរួម​កសាង​ផែនការ​សកម្មភាព ស្ដីពី​ទេសន្តរប្រវេសន៍​២០២០-២០២១ និង​ពិនិត្យ​តាមដាន​ការអនុវត្ត ដើម្បី​ជា​ធាតុ​ចូលក្នុង​ការជួយជ្រោមជ្រែង គាំពារ​ដល់​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ក្នុង​ខេត្តព្រៃវែង និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា លទ្ធផល​កិច្ចប្រជុំ​នា​ថ្ងៃនេះ ទទួលបាន​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​គួរ​ជាទី​មោទកភាព ។​

​ឯកឧត្តម ចាន់ ថា អភិបាលរង​ខេត្ត​បាន​លើកឡើងថា​៖ កិច្ចប្រជុំ​នា​ថ្ងៃនេះ មាន​អត្ថន័យ​ខ្លឹមសារ​យ៉ាងសំខាន់ សំដៅ​ដល់​ការយកចិត្តទុកដាក់​ជួយ​ជ្រោ​ម​ជ្រែក​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​ខេត្ត ដែល​បាន និង​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ក៏ដូចជា​បាន​ត្រឡប់មក​លំនៅដ្ឋាន​ក្នុង​ខេត្ត​វិញ ។ ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដែល​ពិភពលោក​ជួប​វិបត្តិ​សកល​នៃ​ជំងឺ​កូ​វិដ​-១៩ និង​គ្រោះ​ជំនន់​ទឹកភ្លៀង បានធ្វើ​ឱ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ស្រប​ពេលនេះ នៅក្នុង​ប្រទេស​កម្ពុជា​យើង ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​សកម្មភាព​ការងារ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​រាជធានី​ខេត្ត ក្រុង​ខណ្ឌ​ស្រុក ឃុំ​សង្កាត់ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​បញ្ហា​ខាងលើ ។ នៅក្នុង​ទិសដៅ​របស់​រា​ជ​រដ្ឋាភិបាល​ក៏​មិន​រំលង​ផងដែរ​ចំពោះ​ពលករ​ទេសន្តរប្រវេសន៍ ដែល​បាន​ត្រឡប់​មកពី​ក្រៅប្រទេស គឺ​ត្រូវ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ដោយ​ធ្វើការ​ពិនិត្យ​តាមដាន​អំពី​សុខភាព​ធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​រ៉ូ​ណា និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ មុន​ទៅដល់​លំនៅដ្ឋាន​វិញ ។ ដើម្បី​ជាការ​ចូលរួម រដ្ឋបាលខេត្ត​មាន​យន្តការ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​កូ​វិដ​-១៩​ខេត្ត ដឹកនាំ​ដោយ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត និង​បានរៀបចំ​ឱ្យមាន​លេខាធិការដ្ឋាន​ខេត្ត​។​

​ឯកឧត្តម អភិបាលរង​ខេត្ត ក៏ដូចជា​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​កូ​វិដ​-១៩ ថ្នាក់ក្រុង ស្រុក ព្រមទាំង​មាន​ទីតាំង​សម្រាប់​ពិនិត្យ​សុខភាព យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ទៅលើ​បងប្អូន​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ដែលជា​លទ្ធផល ក្នុង​ខេត្តព្រៃវែង​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ក្នុងចំណោម ២៧៦៣​នាក់​ស្រី ១០៧០​នាក់ បាន​ឆ្លង​ជំងឺ​កូ​វិដ​-១៩​ឡើយ ហើយ​ត្រូវបាន​កោតសរសើរ​ពី​ថ្នាក់ជាតិ ក្រសួងសុខាភិបាល និង​អង្គការ​ដៃគូរ​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​