ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០ ចាប់ផ្តើម​នា​ចុង​សប្តាហ៍​នេះ​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានរៀបចំ​ស​ន្និ សីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​១​រោច ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ស្តីពី​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០ នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​គ្រោង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ ពីថ្ងៃ​ទី​០៦​ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ប៉េតង់ «​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​រម្លឹក​នូវ​គុណូបការៈ​ដ៏​ធំធេង​ជូន​ដល់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលជា​ប្រធានកិត្តិយស​សហព័ន្ធ និង​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន ព្រមទាំង​អតីត​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដ៏​មានតម្លៃ ខិតខំ​ប្រឹងប្រែង​ដឹកនាំ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា រហូត​ទទួលបាន​ភាពល្បីល្បាញ និង​ការកោតសរសើរ​ទាំង​ថ្នាក់ជាតិ និង​ពិភពលោក​។ បច្ចុប្បន្ន ប៊ូល និង​ប៉េតង់ ជា​កីឡា​មួយ​ប្រភេទ ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​ការគាំទ្រ​ពី​សាធារណៈ គ្រប់​ស្រទាប់វណ្ណៈ ព្រមទាំង​មាន​សក្តានុពល​ក្នុងការ​ដណ្តើមយក​នូវ​មេដាយ​ជូន​ជាតិ​មាតុភូមិ ដែល​នេះ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ អង្គការ​សង្គម​កីឡា សប្បុរសជន និង​ដៃគូ​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ផងដែរ​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​រូបនេះ​បន្ថែមថា ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «​គរុ​គុណ​» ទទួលបាន​ការផ្តួចផ្តើម​គំនិត និង​ចំណាយ​ថវិកា​លើ​ការរៀបចំ​ពី​សំណាក់​ក្រុមគ្រួសារ​របស់​សម្តេច​ក្រ​ឡា ហោម ស ខេង និង​ក្រុមគ្រួសារ​សម្តេច​វិបុល​បញ្ញា សុខ អាន ដោយ​មិន​ប្រើប្រាស់​ថវិកា​របស់​សហ​ព័ន្ធ ឬ​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រចាំឆ្នាំ​នោះឡើយ​។ ពានរង្វាន់​ប៉េតង់ «​គរុ​គុណ​» ធ្វើឡើង​ក្នុង​អត្ថន័យ​រម្លឹក​ដល់​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ផ្ដល់ឱកាស​ដល់​សមាគម ក្លិប​អាច​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព បច្ចេកទេស និង​ទទួលយក​នូវ​បទពិសោធន៍​ក្នុងការ​រៀបចំ​ប្រកួត និង​បទបញ្ជា​ថ្មីៗ​។ ទន្ទឹមនឹងនេះ បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​សហព័ន្ធ និង​សមាគម ក្លិប ទៀតផង​។ ជាមួយគ្នា​នោះ តាមរយៈ​ព្រឹត្តិការណ៍​ថ្មី​នេះ​នឹង​ក្លាយជា​វេទិកា​សម្រាប់​កីឡាករ កីឡាការិនី​អាច​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង ដើម្បី​បង្ហាញ​អំពី​សក្តានុពល និង​ទេពកោសល្យ ដែល​ទទួលបាន​ឱកាស​ចូលរួម​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ យុវជន ឬ​ថ្នាល នា​ឆ្នាំ​បន្តបន្ទាប់​។​

​ឯកឧត្តម ស សុខា បាន​រម្លឹកថា កម្ពុជា​ទើបនឹង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​យុវជន និង​នារី​ជើងឯក​ភិ​ភព​លោក លើក​ទី​១៧ កាលពី​ឆ្នាំ​២០១៩ ប្រកបដោយ​ភាពជោគជ័យ​។ ដោយ​ឯកឧត្តម​ចាត់ទុកថា ទាំងអស់នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង​កម្ពុជា ដែល​កំពុង​ដើរតួរ​នាទី​យ៉ាងសំខាន់ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានលើកឡើង​ដែរ​ថា ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយបាន​កំណត់​វិញ្ញាសា​ប្រកួត​ចំនួន​៨ ដូចជា​វិញ្ញាសា បុរស​-​នារី ៣​ទល់​៣, យុវជន ៣​ទល់​៣ ក្រោម​១៨​ឆ្នាំ​, យុវនារី ២​ទល់​២ ក្រោម​១៨​ឆ្នាំ​, វ័យចាស់ ៣​ទល់​៣, យុវជន​-​យុវនារី ១​ទល់​១ ក្រោម​១៥​ឆ្នាំ និង​វិញ្ញាសា​សមាគម​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ការដាក់​ពាក្យ​ចូលរួម​ប្រកួត​សរុប ១៦ រាជធានី​-​ខេត្ត សមាគម​-​ក្លិប​ចំនួន ៥៥ សរុប ៤៧៨​នាក់ ប្រតិភូ​ដឹក​ចំនួន ៤១​នាក់ គ្រូបង្វឹក ៥១​នាក់ កីឡាករ កីឡាការិនី ៣៨៦​នាក់ (​កីឡាការិនី ១០០​នាក់​) ការ​ឆាប់​ពូ​ល​ប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​៕ ដោយ​៖​ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​