បច្ច័យចំនួន១ ៥០០ដុល្លា របស់ឯកឧត្ដម ស សុខា និងលោកជំទាវ កែវ សួសុភី ត្រូវបាននាំយកប្រគេនព្រះមង្គលានុរ័ក្ខ អំ សៃ ដើម្បីចូលរួមក្នុងការកសាងកុដិ នៅក្នុងវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ)

(កំពង់ឆ្នាំង)៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបច្ច័យតាមរយៈជំនួយការឯកឧត្ដម ស សុខា និងលោកជំទាវ កែវ សួសុភី ចំនួន ១ ៥០០ដុល្លាអាមេរិច ក្នុងការចូលរួមកសាងកុដិ ដែលមាន ទទឹង ៩,២ម៉ែត្រ បណ្តោយ ២២,២ម៉ែត្រ កម្ពស់ ១ជាន់ មាន ៨បន្ទប់ នៅក្នុងវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងនាមព្រះមង្គលានុរ័ក្ខ អំ សៃ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងគណៈកម្មការវត្ត មានសេចក្តីសោមនស្សរីករាយ សាទរសូមជូនពរចំពោះ ឯកឧត្ដម ស សុខា និងលោកជំទាវ កែវ សួសុភី ព្រមទាំងបុត្រា បុត្រី ទាំងអស់ និងសហការី ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សូមឱ្យការតាំងចិត្តរបស់ ឯកឧត្ដម និងលោកជំទាវ បានសម្រេចជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕